ភ្នំពេញ៖ «ការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គឺជាចលនាជួយជីវិត ជួយបរិស្ថាន កុំឱ្យមានការរងគ្រោះពីសំណល់ប្លាស្ទិក។ ប្រសិនបើប្រជាជនគ្រប់រូបរួមគ្នាមិនប្រើថង់ប្លាស្ទិកមួយថ្ងៃ នោះយើងអាចកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកបានចំនួន ១៦លានថង់ក្នុងមួយថ្ងៃ ហើយត្រូវជំរុញការមិនប្រើប្រាស់នេះឱ្យទៅជាចលនា ជាមួយការផ្តល់ជម្រើសដែលល្អជូនអ្នកប្រើប្រាស់»។ នេះជាប្រសាសន៍លើកឡើងរបស់លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយ ការដាក់ឱ្យអនុវត្តវិធានការគោលនយោបាយ ស្ដីពី “ការកាត់បន្ថយការប្រើប្រាស់ផលិតប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណង់ប្លាស្ទិក សម្រាប់រយៈពេលខ្លី” នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។
សិក្ខាសាលានេះ មានអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន អន្តរក្រសួង អង្គការដៃគូ អភិបាលរាជធានីខេត្ត មន្ទីរបរិស្ថានរាជធានីខេត្ត និងវិស័យឯកជន ជាច្រើនរូបទៀត។
លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តនូវវិធានការគោលនយោបាយនេះ គឺជាការបោះជំហានថ្មីមួយបន្ថែមទៀត ក្នុងការរួមចំណែកលើកិច្ចគាំពារបរិស្ថាន ទាំងការគិតគូរលើការរៀបចំគោលនយោបាយឱ្យបានគ្រប់ជ្រុងជ្រោយ ការរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់លើការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិកឱ្យសមស្របតាមគោលនយោបាយ ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ២០២០-២០៣០ ក៏ដូចជាគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់បន្ថែមថា ការគិតគូររៀបចំ និងការអនុវត្តវិធានការគោលនយោបាយនេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ជាពិសេសប្រជាពលរដ្ឋទូទៅ ដើម្បីសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានោះ លោកបានជំរុញ លើកទឹកចិត្ត វិស័យឯកជន និងយុវនិស្សិត ក្នុងការទាញយកឱកាសនៃនវានុវត្តន៍ឌីជីថល ដើម្បីធ្វើការកែច្នៃវត្ថុធាតុដើម ដែលមានស្រាប់ក្នុងស្រុក រួមមានអង្ករ និងដំឡូងមីជាដើម ផលិតជាជីវប្លាស្ទិក ដែលល្អចំពោះបរិស្ថាន៕ ដោយ៖ គង់ សេដ្ឋាមុនី