ភ្នំពេញ៖ ជាដំណឹងដ៏គួរឱ្យសាទរនិងសម្រាប់រីករាយសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់អរិយក្សត្រគឺថានៅពេលនេះរដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចទម្លាក់ កញ្ចប់ថវិកាចំនួនជាង២៤៥លានដុល្លារអាមេរិក ដើម្បីសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ ជ្រោយចង្វារ-អរិយក្សត្រ)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី០៨ ធ្នូនេះ។
បើតាមក្រសួងការបរទេស កញ្ចប់ថវិកាសម្រាប់សាងសង់ស្ពាននេះនឹងប្រគល់ឱ្យរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៩ ធ្នូ ស្អែកនេះ ដោយមានការចុះហត្ថលេខាប្រគល់ទទួលរវាងភាគីកម្ពុជា-កូរ៉េ ដោយភាគីកម្ពុជាតំណាងដោយលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងភាគីកូរ៉េ តំណាងដោយលោកស្រី Minnie CHEY ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា។
ពាក់ព័ន្ធនឹងការសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីពេលកន្លងទៅនេះប្រកាសប្រាប់ទៅប្រជាពលរដ្ឋថាសូមកុំបារម្ភ ព្រោះសម្ដេចនឹងពុះពារធ្វើយ៉ាងណាឱ្យស្ពាននេះក្លាយជាការពិត។
ព្រមជាមួយគ្នានេះដែរ សម្ដេចក៏បានបញ្ជាក់ពីមូលហេតុថាហេតុអ្វី សម្ដេចជ្រើសរើសទីតាំងផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ ក្នុងចំណោមជម្រើសជាច្រើន។ សម្តេចថា យើងមាន ២ ជម្រើសធំៗ។ ទី១ គឺសង់ពីជ្រោយចង្វាទៅស្វាយជ្រុំ មានស្ពានតែ១ ទេ។ ប៉ុន្តែ បើធ្វើដូច្នេះ យើងនឹងស្ទះចរាចរណ៍នៅស្ពានជ្រោយចង្វារកាន់តែខ្លាំង ព្រោះគ្រប់គ្នាសម្រុកឆ្លងទៅទីនោះ។ ដូច្នេះយើង សម្រេចធ្វើស្ពាន ២ គឺចេញពីផ្សាររាត្រី ទៅជ្រោយចង្វារ ១ ហើយ១ ទៀត បន្ដពីជ្រោយចង្វារទៅអរិយក្សត្រ។
សម្តេចតេជោ បានបន្តថា ធ្វើដូច្នេះ យើងនឹងជួយសម្រួលចរាចរស្ពានជ្រោយចង្វារបច្ចុប្បន្ន បានមួយកម្រិត ហើយទីក្រុងនឹងមានសោភណភាពជាងមុនទៀតផង។ ម្យ៉ាងវិញទៀត សម្តេច ក៏បានបញ្ជាក់ថា មូលហេតុដែលសម្រេចចិត្តធ្វើស្ពានយោងកាប្លិ៍ គ្មានសរសរកណ្ដាល ព្រោះដើម្បីបើកចរាចរណ៍ផ្លូវទឹក សម្រាប់កម្មវិធីប្រណាំងទូក ក៏ដូចជាដើម្បីសោភណភាព៕