ភ្នំពេញ៖ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក Francisco José Coy Granados អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូឡុំប៊ី ជាសហប្រធានបានពិនិត្យឡើងវិញការងារដែលបានព្រមព្រៀងគ្នាក្នុងកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ និងបានកំណត់ទិសដៅថ្មីនៃវិធានការជាក់លាក់ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ។
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូឡុំប៊ី បានបញ្ជាក់ថា កិច្ចប្រជុំបានប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងបូហ្គូតា ភាគីទាំងពីរបានពិនិត្យឡើងវិញនូវទំនាក់ទំនងទ្វេភាគី ហើយបានផ្លាស់ប្តូរទស្សនៈ និងធ្វើបច្ចុប្បន្នភាពលើប្រធានបទជាច្រើនដែលមានផលប្រយោជន៍ទៅវិញទៅមក រួមមាន កិច្ចសហប្រតិបត្តិអភិវឌ្ឍន៍ ការបង្រួបបង្រួមជាតិ ពាណិជ្ជកម្ម ការវិនិយោគ អប់រំ ទេសចរណ៍ កសិកម្ម ការដោះមីន និង ប្រតិបត្តិការរក្សាសន្តិភាព។
ដោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិត ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នាដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក អ៊ុច បូររិទ្ធ បានជម្រាបជូនភាគីមិត្តអំពីលក្ខខណ្ឌអំណោយផលនៃបរិយាកាសធុរកិច្ច និងគោលនយោបាយវិនិយោគនៅកម្ពុជា ហើយបានស្នើឱ្យមានការរៀបចំវេទិកាធុរកិច្ចអមកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីបន្ទាប់ នៅរាជធានីភ្នំពេញ ដើម្បីពង្រីកសកម្មភាពតភ្ជាប់រវាងធុរកិច្ចនៃប្រទេសទាំងពីរ។
ក្នុងវិស័យទេសចរណ៍ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិកាទេសច រណ៍ និងជួយគ្នាទៅវិញទៅមកក្នុងការរៀបចំសកម្មភាពផ្សព្វផ្សាយទេសចរណ៍ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យធ្វើដំណើរទៅកាន់ប្រទេសរៀងៗខ្លួន។ ក្នុងន័យនេះ ភាគីកូឡុំប៊ីបានស្នើឱ្យភាគីកម្ពុជា ពិចារណាលើការលើកទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លង ដែនធម្មតា។
ក្នុងវិស័យអប់រំ ភាគីកូឡុំប៊ីបានស្វាគមន៍ចំពោះសំណើរបស់កម្ពុជាក្នុងការចុះអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានការទូតនៃប្រទេសទាំងពីរ ហើយបានប្តេជ្ញាបន្តផ្តល់អាហារូបករណ៍ភាសាអេស្ប៉ាញដល់មន្ត្រីកម្ពុជានៅឆ្នាំខាងមុខ។ ភាគីកូឡុំប៊ីក៏បានសម្រេចផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ដល់និស្សិតកម្ពុជាចាប់ពីឆ្នាំ ២០២៣ តទៅផងដែរ។
ភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិ កម្មតាមរយៈការចែករំលែកបច្ចេកវិទ្យា ជាពិសេសការបង្កាត់ពូជស្រូវ ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរទស្សនកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច និងអ្នកជំនាញ។ ភាគីកូឡុំប៊ីក៏បានស្នើឱ្យមានគម្រោងបណ្តុះបណ្តាលរួមគ្នារវាងប្រទេសទាំងពីរលើវិស័យកសិកម្ម តាមរយៈសេវាបណ្តុះបណ្តាលជាតិរបស់ក្រសួងការងារកូឡុំប៊ី។
ចំពោះកិច្ចសហប្រតិបត្តិការបោសសម្អាតមីន និងការរក្សាសន្តិភាព ភាគីកូឡុំប៊ីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការដោះមីនដល់មន្ត្រីកូឡុំប៊ីជាង ១៨០នាក់ ចាប់ពីឆ្នាំ ២០១០។ លោក អ៊ុច បូររិទ្ធ បានសម្តែងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តុះបណ្តាលមន្រ្តីកូឡុំប៊ីរយៈពេលបីឆ្នាំបន្ថែមទៀត (២០២៣-២០២៥) ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការត្រីភាគីកម្ពុជា-ជប៉ុន-កូឡុំប៊ី។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើញ្ហាតំបន់ និងអន្តរជាតិដែលមានសារៈប្រយោជន៍ទៅវិញទៅមក រួមទាំងទិដ្ឋភាពភូមិសាស្ត្រនយោបាយ ក៏ដូចជាការគាំទ្រពហុភាគីនិយម និងប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល។ លោក Francisco José Coy Granados បានកោតសរសើរចំពោះជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងអំឡុងពេលដែលបញ្ហាភូមិសាស្ត្រនយោបាយមានភាពតានតឹង។ លោក អ៊ុច បូររិទ្ធ បានកត់សម្គាល់អំពីសុច្ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ប្រទេសកូឡុំប៊ី ក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន និងការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងតំបន់អាស៊ាន និងអាម៉េរិកខាងត្បូង។
ភាគីទាំងពីរបានឯកភាពជំរុញទំនាក់ទំនងទ្វេភាគី និងបន្តគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេស និងប្រជាជនទាំងពីរ។
ភាគីទាំងពីរក៏បានឯកភាពរៀបចំព្រឹត្តិការណ៍សំខាន់ៗក្នុងពិធីរំលឹកខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងកូឡុំប៊ី។ លោក អ៊ុច បូររិទ្ធ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះភាគីកូឡុំប៊ី ដែលបានបោះពុម្ពតែមប្រៃសណីយ៍ជានិមិត្តសញ្ញានៃមិត្តភាពរវាងប្រទេសទាំងពីរក្នុងឱកាសដ៏ថ្លៃថ្លានេះ៕ ដោយ៖ គង់ សេដ្ឋាមុនី