ភ្នំពេញ៖ រយៈពេល ១១ខែ ឆ្នាំ២០២២ កន្លងទៅនេះ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ នូវតែមានសភាពធ្ងន់ធ្ងរមានការកើនឡើងគួរឱ្យព្រួយបារម្ភ ក្នុងនោះរាជធានីភ្នំពេញ មានការកើតឡើងករណីគ្រោះថ្នាក់សរុបចំនួន ៩០៣លើក ។ នេះ បើតាម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង ប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ថ្លែងក្នុងពិធីប្រារព្ធទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ នាថ្ងៃទី ៧ ខែធ្នូនេះ ឱ្យដឹងថា បើប្រៀធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ គ្រោះថ្នាក់មានចំនួនត្រឹមតែ៧៤១លើកប៉ុណ្ណោះ ដូច្នេះកំណើនគ្រោះថ្នាក់ គឺកើនឡើង ១៦២លើក ស្មើនឹង ២២ភាគរយ បណ្ដាលឱ្យមនុស្សស្លាប់ ចំនួន ២៦១នាក់ កើនឡើង ៩នាក់ រងរបួសធ្ងន់ ៨៩៦នាក់ កើនឡើង ២២១នាក់ រងរបួសស្រាល ២២៩នាក់ កើនឡើង ៤២នាក់ ខូចខាតរថយន្ដ ម៉ូតូ និងយានយន្ដផ្សេងៗទៀតចំនួន ១.៦៤៦គ្រឿង និងបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើនថែមទៀតផងដែរ។
លោកបន្ថែមទៀតថា ឆ្លើយតបទៅនឹងសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ និងដើម្បីជំរុញការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការចំនួន៣ រួមមាន៖ ទី១-វិធានការអប់រំផ្សព្វផ្សាយ ទី២-វិធានការរដ្ឋបាល និងទី៣-វិធានការច្បាប់ ដែលវិធានការទាំង៣នេះ បានដើរទន្ទឹមគ្នាទៅនឹងកិច្ចខិតខំប្រឹងប្រែងបង្កើនសមត្ថភាព និងការគិតគូរអំពីប្រព័ន្ធគមនាគមន៍ក្នុងទីក្រុង ព្រមទាំង ពង្រីកវិសាលភាពនៃការផ្តល់សេវាដឹកជញ្ជូនសាធារណៈ តាមរយៈរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) ឱ្យកាន់តែប្រសើរឡើង។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ បានលើកឡើងថា ក្នុងបរិបទដែលពិភពលោក និងប្រទេសជាតិកំពុងតែទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ដ៏កាចសាហាវ ដែលបានបង្កឱ្យមានវិបត្តិសុខភាពសាធារណៈក៏ដូចជាវិស័យផ្សេងៗទៀត ពិសេសការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចជាសកល គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែបន្តកើតមានឡើង និងបានបន្ថែមនូវបន្ទុកដល់សង្គមជាតិ។
សម្តេចបន្តថា ហេតុនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសតាំងពីឆ្នាំ ២០២០រហូតដល់បច្ចុប្បន្ន “យកវិធានការរឹតបន្តឹង អនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកជាអាទិភាព” ក្នុងការទប់ស្កាត់ និងកាត់បន្ថយកំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងនោះ បានសម្រេចធ្វើវិសោធនកម្ម អនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហើយបានបង្កើនប្រសិទ្ធភាព នៃការរឹតបន្តឹងអនុវត្តច្បាប់រហូតមកដល់ពេលនេះអាចកំណត់បានថា ការរឹតបន្តឹងអនុវត្តច្បាប់បានទទួលលទ្ធផលល្អប្រសើរក្នុងការកាត់បន្ថយហេតុការណ៍ គ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងចំនួនអ្នករបួសពីគ្រោះថ្នាក់ដ៏រ៉ាំរ៉ៃនេះ។
សម្ដេចក្រឡាហោម បន្ដថា តាមរយៈនៃការខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីតស៊ូទទួលខុសត្រូវរបស់ យន្តការដឹកនាំសុវត្ថិភាពចរាចរណ៍ផ្លូវគោកគ្រប់ថ្នាក់ រួមទាំងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីសាធារណការ និងដឹកជញ្ជូន មន្រ្តីកងរាជអាវុធហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងរយៈពេល០២ឆ្នាំ (ឆ្នាំ២០២០ និងឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០១៩ បានកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានចំនួន ១.៤៧៥លើក កាត់បន្ថយអ្នកស្លាប់ បានចំនួន ៤៩៧នាក់ និងកាត់បន្ថយអ្នករបួសបានចំនួន ២.៥៧៥នាក់។
សម្ដេចក្រឡាហោម បន្ថែមថា ជាមួយគ្នានេះ ស្មារតីនៃការគោរពច្បាប់របស់អ្នកប្រើប្រាស់ផ្លូវកាន់តែមានការប្រែប្រួលជាវិជ្ជមាន ដោយបានកាត់បន្ថយអំពើល្មើសដែលត្រូវពិន័យជាប្រាក់ពីចំនួនមធ្យម ២.០០០ករណី ក្នុងមួយថ្ងៃ នៅឆ្នាំ២០២០ មកនៅត្រឹមជាមធ្យមក្នុងមួយថ្ងៃចំនួន៣០០ករណី នៅឆ្នាំ២០២២ នេះ។
ក្នុងពិធីប្រារព្ធទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ នេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ក៏បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំពាក់មួកសុវត្ថិភាពជាតំណាងចំនួន ១០រូប និងរាប់បាត្រ និមន្តព្រះសង្ឃបង្សុកូល ឧទ្ទិសកុសល្យជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ ផងដែរ៕ ដោយ៖ ពុទ្ធិពល