លោក ហង់ជួន ណារ៉ុន ថ្លែងអំណរគុណភាគីពាក់ព័ន្ធចូលរួម រៀបចំប្រឡងបាក់ឌុប

ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុនបានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ បានល្អ និងប្រកបដោយជោគជ័យ។

តាមរយៈសារសំឡេងថ្លែងអំណរគុណរបស់លោក ហង់ជួន ណារ៉ុន នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ដំណើរការប្រឡងបាក់ឌុប ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

រដ្ឋមន្ដ្រីបញ្ជាក់ថា «តាំងនាមឱ្យថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណចំពោះ គណៈមេប្រយោគទាំងអស់ រួមទាំងអនុរក្សដែលបានរៀបចំនូវដំណើរការប្រឡងនេះ បានល្អ និងប្រកបដោយជោគជ័យ។ ខ្ញុំ សូមថ្លែងអំណរ គុណដល់បេក្ខជនទាំងអស់ ដូចជា មាតា-បិតា ទាំងអស់ បានចូលរួមគាំទ្រ ជាពិសេសបេក្ខជន បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិ នូវសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា»។

លើសពីនេះ លោករដ្ឋមន្ដ្រី ក៏ថ្លែងអំណរគុណដល់ភាគី ពាក់ព័ន្ធទាំងអស់ រួមមាន ៖ សហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធររាជធានី-ខេត្ត អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាលធានាបានសុខសុវត្ថិភាព ក៏ដូចជា ជួយសម្រួលដល់ប្រឡងនេះ ជាពិសេស បានជួយគាំទ្រដល់បេក្ខជនដោយបង្កលក្ខណៈងាយស្រួល ឱ្យបេក្ខជន មកស្នាក់នៅ និងនៅតាមមណ្ឌលប្រឡងនានា។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រីអប់រំបានថ្លែង អំណរគុណមាតា-បិតា របស់បេក្ខជនទាំងអស់ បានចូលរួមចំណែក ក្នុងការប្រឡងនេះឱ្យទទួលបានជោគជ័យផងដែរ។

សូមរំលឹកថា ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ក្នុងនោះ បេក្ខជនចុះឈ្មោះប្រឡងចំនួន ១២៨១៣៥នាក់ ស្រី៦៨៧៧១នាក់, មណ្ឌលប្រឡង ២២១, និងត្រូវជា ៥១៧៤បន្ទប់៕ ដោយ៖ រិន ចំរើន