មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ ប៉ុន្តែយើងត្រូវបន្តទប់ស្កាត់និងបង្ក្រាបបទល្មើសខ្នាតតូចដែលនៅតែមាន

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំង ការសម្អាតប្រាក់នៃក្រសួងបរិស្ថានបានអះអាងថា បច្ចុប្បន្ននេះបទ ល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ គឺនៅមានបទល្មើសខ្នាតតូចដែលយើង ចាំបាច់ត្រូវបន្តទប់ស្កាត់និងបង្ក្រាប។

ការអះអាងនេះ ខណៈលោករដ្ឋលេខាធិការ ចូលរួមជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាល មន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់នៃអង្គភាពចំណុះក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី០៦ធ្នូឆ្នាំ២០២២នេះ ដោយ លោកបាន ជំរុញឱ្យមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្ត ច្បាប់ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងបន្តអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិនិងជាពិសេស ទប់ស្កាត់និងបង្ក្រាបបទល្មើសទាក់ទងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។

ជាមួយគ្នានេះ លោកលើកឡើងថា ក្រោមសុខសន្តិភាពនិងស្ថិរភាពនយោបាយ និងការការពារនិងអភិរក្សធនធានធម្មជាតិល្អប្រសើរ កម្ពុជាបានលក់ឥណទានកាបូន។ នេះគឺជារបត់ថ្មីដ៏សំខាន់មួយដែល កម្ពុជាយើងពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានទទួលចំណូលពីការ អភិរក្សរបស់ខ្លួន និងបាននិងកំពុងលុបបំបាត់ទស្សនៈថា ទាល់តែកាប់ព្រៃឈើទើបបានប្រាក់ចំណូលមកជាប្រទេសដែលទទួលបានប្រាក់ចំណូលពីការពារនិងអភិរក្សព្រៃឈើរបស់ខ្លួនក្រោម ទិសស្លោក «រក្សាឈើឈរដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ។

កាលដែលកម្ពុជា ទទួលបានជោគជ័យលើការលក់ឥណទានកាបូននេះ បានលើកតម្កើងនូវកិត្យានុភាពជាតិកម្ពុជា លើឆាកអន្តរជាតិ ដែលមិនមានប្រទេសច្រើនទេក្នុងពិភពលោកអាចធ្វើបាន និងបានទប់ទល់ជាមួយ យុទ្ធនាបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាក្នុងរូបភាពថាកម្ពុជាមានបទល្មើសព្រៃឈើច្រើនជាងគេលើពិភពលោក៕ ដោយ៖ សៀងហៃ