ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានអះអាងថា សម្រាប់ដំណើរការប្រឡងបាក់ឌុបនៅទូទាំងប្រទេស នាព្រឹកថ្ងៃទី១នេះ (៥ធ្នូ) គ្មានបាតុភាពអសកម្មណាមួយបានកើតឡើងឡើយ ពោលបានប្រព្រឹត្តិទៅដោយរលូន ប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ។
លោកបានឲ្យដឹងក្រោយបញ្ចប់ការប្រឡងភ្លាមៗថា បេក្ខជននិងគ្រប់ភាគីពាក់ព័ន្ធ បានគោរពបទបញ្ញត្តិតាមការគ្រោងទុក ក្រោមកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នចំនួន៦ រួមមាន៖ ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, និងអគ្គីសនីកម្ពុជា។
លោកបន្តថា “ដំណើរការព្រឹកថ្ងៃទី១នេះ មិនមានបាតុភាព មិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ”។
លោក រស់ សុវាចាបញ្ជាក់ថា គណៈមេប្រយោគ គណៈអប្បមាទ ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស មានការចិត្តយកទុក ដាក់បំពេញភារកិច្ច ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដោយមានការចូលរួមសហការពីគ្រប់ពាក់ព័ន្ធ។
លោកថា បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាពកម្រិតស្រាល។ បញ្ហាសុខភាពរបស់បេក្ខជនរួមមាន៖អាការៈវិលមុខ ខ្យល់គរ ក្អួត ហើយបានទទួលការជួយ សង្គ្រោះបឋមពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡង ដើម្បីអាចត្រឡប់ចូលរួមបន្តការ ប្រឡងវិញ៕ ដោយ៖ រិន ចំរើន