ភ្នំពេញ ៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ម្នាក់ ឈ្មោះ វ៉ាន់ សុខឿន ភេទ ស្រី រស់នៅខេត្តឧត្តរមានជ័យ បានកើតជំងឺកូវីដ-១៩ ត្រូវបានដាក់ឱ្យប្រឡងដាច់ដោយឡែក ពីសិស្សផ្សេងទៀត។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ អង្គភាពប្រឆាំងអំពើពុករលួយ ACU នាថ្ងៃទី៥ ធ្នូ ។
ក្នុងនោះ ក្រោយរកឃើញ ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ ក៏បានយកទូសម្លាប់មេរោគ មកដាក់នៅបន្ទប់ពិសេស ដើម្បីសម្លាប់មេរោគលើសន្លឹកកិច្ចការរបស់បេក្ខជនដែលវិជ្ជមានកូវី ដោយមានខាងសុខាភិបាលបានពិនិត្យ និងឯកភាព។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំ២០២២នេះ ធ្វើឡើង២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ធ្នូ មានបេក្ខជនចំនួន១២៨ ១៣៤នាក់ ក្នុងនោះ ស្រីចំនួន ៦៨ ៧៧១នាក់ មណ្ឌលប្រឡងចំនួន២២១មណ្ឌល ស្មើនឹងចំនួន ៥ ១៧៤បន្ទប់ មានគណៈមេប្រយោគ និងគណៈកម្មការនានាចំនួន២៧ ៧៥៣ នាក់៕ ដោយ៖ រិន ចំរើន