ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ស្វាក្តាម គឺជាប្រភេទសត្វ ដែលចូលចិត្តរស់នៅជាហ្វូងតាមតំបន់ព្រៃលិចទឹក តំបន់ព្រៃភ្នំ តំបន់ព្រៃកោងកាង តាមឆ្នេរសមុទ្រ និងតំបន់កសិកម្ម បណ្តោយឆ្នេរខ្សាច់ និងតាមឆ្នេរកោះ ជាពិសេសវាលភក់ព្រៃកោងកាង។ វារស់នៅជាហ្វូងធំរហូតដល់១០០ ក្បាល។ ស្វាក្តាម កូនម្តងបានតែមួយគត់បន្ទាប់ពីពពោះអស់រយៈពេល៥-៦ខែ។ ស្វាក្តាមមានវត្តមានស្ទើរតែទូទាំងតំបន់នៃប្រទេសកម្ពុជា និងបណ្តាប្រទេសនានានៃភូមិភាគអាស៊ីអាគ្នេយ៍រួមមាន៖ ប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន និងកោះសូម៉ាត្រា។
ស្វាក្តាមស្ថិតក្នុងក្រុមប្រភេទមានដោយបង្គួរ។ មិនមានទិន្នន័យច្បាស់លាស់ថាពិភពលោកនេះមានសត្វស្វាក្តាមប៉ុន្មានក្បាលឡើយ ចំណែកកម្ពុជា យើងក៏មិនទាន់អាចកំណត់បានដែរ។ ចំណីរបស់សត្វស្វាក្តាមរួមមាន ក្តាម បង្កង ខ្យង ខ្ចៅ គ្រុំ លៀស ងាវ សត្វល្អិត ផ្លែឈើ ត្រួយស្លឹកឈើជាដើម។ ស្វាក្តាមជាប្រភេទសត្វមិនខ្លាចទឹក និងមានជំនាញហែលទឹក។ ស្វាក្តាមឈ្មោលអាចហែលមុជទឹករហូតដល់ចម្ងាយ ៥០ ម៉ែត្រ។
ស្វាក្តាមមានការផ្លាស់ប្តូរពណ៌ពីរដំណាក់កាលសំខាន់ៗគឺពណ៌ប្រផេះលាយត្នោត និងពណ៌ក្រហមភ្លី ចំពោះការផ្លាសប្តូរពណ៌នេះប្រែប្រួលទៅតាមអាយុកាល ភេទ និងទីតាំងរស់នៅរបស់វា។ ជាទូទៅវាមានពណ៌ប្រផេះភ្លឺទៅពណ៌ក្រហមភ្លឺពេលដែលវារស់នៅក្នុងព្រៃចំណែកឯពពួកស្វារស់នៅមាត់សមុទ្រភាគច្រើនមានពណ៌ភ្លឺឆើតជាងប្រភេទដែលរស់នៅតាមតំបន់ផ្សេងៗទៀត។ ស្វាក្តាមមានប្រវែងពីក្បាលដល់កន្ទុយ ៩២-១០៩ស.ម ហើយកន្ទុយរបស់វាវែងជាងគេក្នុងចំណោមប្រភេទស្វានានានៅទ្វីបអាស៊ី។ កូនរបស់វាកើតមកមានពណ៌ខ្មៅ។ ចំពោះស្វាមិនទាន់ពេញវ័យមានដុះរោមកញ្ចុំវែងៗលើក្បាល ចំណែកស្វាចាស់វិញមានរោមវែងក្រាស់ដុះជុំវិញមុខ និងមានថ្ងាសទំពេក៕