ចុងភៅកម្ពុជា ២៣រូបទទួលបានការបណ្ដុះបណ្ដាលធ្វើម្ហូបបែបចិន នៅខេត្តសៀមរាប

សៀមរាប៖ ចុងភៅកម្ពុជា ២៣រូប ទទួលបានការបណ្តុះបណ្តាលជំនាញចុងភៅម្ហូបបែបចិន ដោយផ្ទាល់នៅខេត្តសៀមរាប។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញចុងភៅម្ហូបបែបចិនដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Shi Lei ព្រឹទ្ធបុរសនៃមហាវិទ្យាល័យបច្ចេកទេសហៃខូវ ខេត្តហៃណាន លើកឡើងថា តាមរយៈកម្មវិធីភាពជាដៃគូ ILO-China មហាវិទ្យាល័យបច្ចេកទេសហៃខូវ ខេត្តហៃណាន បានចាត់បញ្ជូនគ្រូជំនាញចុងភៅម្ហូបបែបចិនរបស់ខ្លួន ដើម្បីចែករំលែក និងផ្តល់នូវការបណ្តុះបណ្តាលជំនាញដល់សិក្ខាកាមលើម្ហូបបែបចិនរសជាតិដើមចំនួន ៣មុខ រួមមាន៖ បាយមាន់ហៃណាន ត្រីចៀនជូរអែម និងបង្គាឆា។វគ្គបណ្តុះបណ្តាលនឹងផ្តល់នូវពុទ្ធិថ្មីបន្ថែមទៀតពីវប្បធម៌ និងវិធីសាស្ត្រពិតប្រាកដនៃការចម្អិនម្ហូបខេត្តហៃណាន ដែលមានប្រវត្តិយូរលង់ណាស់មកហើយដល់ចុងភៅកម្ពុជា។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនេះបានបង្ហាញអំពី កិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ និងអង្គការ ILO ដែលបានធ្វើការយ៉ាងល្អជាមួយគ្នាកន្លងមក ហើយមកដល់បច្ចុប្បន្នតាមរយៈគម្រោងភាពជាដៃគូរ ILO-China ក្រសួងទេសចរណ៍មានឱកាសពង្រីកទំនាក់ទំនង ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍បន្ថែមទៀតជាមួយមហាវិទ្យាល័យបច្ចេកទេសនៃទីក្រុងហៃខូវ ប្រទេសចិន ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍នៅខេត្តសៀមរាប រួមមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ស្ពូន សាលាសណ្ឋាគារ សាលាបាយ សាលាសណ្ឋារគារនិងទេសចរណ៍ ប៉ូលឌុយប្រ៊ូល និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ Feeding Dream ហើយការរួបរួមគ្នាដោយយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធនេះ នឹងចូលរួមចំណេកក្នុងការលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជានិយាយជារួម និងសម្រាប់ជំនាញចុងភៅ និយាយដោយឡែក។

បន្ថែមពីនេះ លោក Lin Lin អគ្គនាយករងក្រសួងធនធានមនុស្ស និងសុវត្ថិភាពសង្គមនៃខេត្តហៃណាន សាធារណៈរដ្ឋប្រជាមានិតចិន បានគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដែលអនុវត្តគម្រោងដោយកម្មវិធីភាពជាដៃគូរ ILO-China សំដៅពង្រឹងកិច្ចសហការជាពិសេសលើការពង្រឹងជំនាញវិជ្ជាជីវៈ ដែលជាមុំដ៏សំខាន់របស់គោលដៅប្រកបដោយនិរន្តរភាព (Sustainable Development Goal) ទី ៨ ផ្តោតលើកំណើនសេដ្ឋកិច្ច និងការងារសមរម្យ (Decent Work and Economic Development)៕ ដោយ៖ សៀងហៃ