ក្រសួងទេសចរណ៍អំពាវនាវកុំដំឡើងថ្លៃសេវាកម្មទេសចរណ៍ ក្នុងពេលប្រឡងបាក់ឌុប

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្ដីអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍សូមកុំដំឡើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្សដែលត្រូវចូលរួមការប្រឡងមធ្យមសិក្សាទុតិយភូមិខាងមុខ។

ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំប្រឡងមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស ដូច្នេះអនុរក្សនិងសិស្សានុសិស្សអាចនឹងចាំបាច់ត្រូវបម្លាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗដែលឆ្ងាយពីលំនៅដ្ឋានបច្ចុប្បន្ន ដើម្បីចូលរួមការប្រឡងនោះ។

ក្នុងន័យនេះ ក្រសួងទេសចរណ៍បានអំពាវនាវជាមុនចំពោះប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ពិសេសចំពោះសេវាស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូន មេត្តាបង្កលក្ខណៈងាយស្រួលកុំដំឡើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្មចំពោះអនុរក្សនិងសិស្សានុសិស្សក្នុងពេលប្រឡងនោះ៕

សូមអានសេចក្ដីអំពាវនាវរបស់ក្រសួងទេសចរណ៍នៅខ្រោម៖