ភ្នំពេញ៖ នៅ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្ពុជារំលឹក ខួបលើកទី៤នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨-២៨ វិច្ឆិកា ២០២២)។
យោងតាមលលិខិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ បានជំរាបជូនសារធារណជនឱ្យដឹង ថា នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងកិច្ច ប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស បានអនុម័តយល់ព្រមចុះ ល្ខោនខោល ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ តាមសេចក្តីសម្រេច Decision13.COM.10.a.3 ។
បើតាមក្រសួងវប្បធម៌ ការសម្រេចរបស់គណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូនាពេលនេះ គឺជាមោទកភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ដែលជានិច្ចកាលតែងផ្ដល់អាទិភាពខ្ពស់ចំពោះបេតិកភណ្ឌវប្បធម៌ជាតិ។
ក្រោមការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាល និងការខិតខំពុះពារចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងវប្បធម៌និង វិចិត្រសិល្បៈ ដោយមានកិច្ចសហការគាំទ្រយ៉ាងផុសផុលពីសិល្បករ អង្គការសមាគម សង្គមស៊ីវិល ក្នុងវិស័យ សិល្បៈវប្បធម៌ និងការជួយគាំទ្រលើកទឹកចិត្តពីមហាជន ប្រជាជន និងស្រទាប់យុវជនកម្ពុជាទាំងមូល ទើបយើង ទទួលបាននូវលទ្ធផលជោគជ័យនៃការដាក់បញ្ចូល ល្ខោនខោល នៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្ស ជាតិ ដ៏ត្រចះត្រចង់នាពេលនេះ។ បេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់ជាតិយើង បានរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺនៅលើឆាកអន្តរជាតិ ព្រមទាំងជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិការបេតិកភណ្ឌ ពិភពលោកថែមទៀតផង។
ជាមួយគ្នា នេះ ក្រសួងសូមអំពាវនាវដល់សាធារណជន មេត្តាបន្តចូលរួមថែរក្សាការពារ និងលើក តម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ពិសេសបេតិកភណ្ឌវប្បធម៌អរូបីក្នុងសម័យសាភពភាវូនីយកម្មនាពេល បច្ចុប្បន្ន។
គួររំលឹកថា «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូស ម្រេចដាក់ចូលក្នុងបញ្ជី បេតិកភណ្ឌពិភព អរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកដាក់ចូលក្នុងបញ្ជី បេតិកភណ្ឌពិភព អរូបីយនៃមនុស្សជាតិ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។
ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយ ជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក៕ ដើយ៖ ពុទ្ធិពល