មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ដាក់ផែនការឱ្យគ្រប់អង្គភាពចុះជួយភ្លាមៗពេលមានគ្រោះមហន្តរាយធម្មជាតិ

ឧត្ដរមានជ័យ៖ លោក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២បានដាក់ផែនការ ឱ្យគ្រប់អង្គភាពតាមដានយកចិត្តទុកដាក់ លើស្ថានភាពគ្រោះមហន្តរាយធម្មជាតិ ដូចជាខ្យល់កន្រ្តាក់ និងយថាហេតុផ្សេងៗ ឱ្យបានជាប់ជាប្រចាំ រាយការណ៍តាមឋាននុក្រម និងចុះជួយភ្លាមៗ។

ការដាក់ផែនការនេះ ខណៈ លោក មេបញ្ជាការ អញ្ជើញចុះធ្វើទស្សនកិច្ចសិក្សា ការងារប្រឡងប្រណាំង កសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ អង្គភាពវរសេនាតូចអន្តរាគមន៍២៤៣ ចំណុះកងពលតូចអន្តរាគមន៍លេខ៤ កាលពីថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២២។

ទន្ទឹមនេះ លោក កែវ ធី បានដាក់ផែនការ ឱ្យគ្រប់អង្គភាពបន្តខិតខំយកចិត្តទុកដាក់លើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាងក្នុងអង្គភាពនីមួយៗ។

លោក មេបញ្ជាការ ក៏បានកោតសរសើរដល់អង្គភាពទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ៕ ដោយ៖ គង់ សេដ្ឋាមុនី