សៀមរាប៖ «២០២៣ខាងមុខ កម្ពុជានឹងអញ្ជើញនាយទាហានសាធារណរដ្ឋកូរ៉េចំនួន២រូប មកសិក្សាភាសាខ្មែរនៅកម្ពុជា»។នេះបើតាមសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ការសម្រេចអញ្ជើញ នាយទាហានសាធារណរដ្ឋកូរ៉េ មកសិក្សាភាសាខ្មែរនេះ បន្ទាប់ពីក្រសួងការពារជាតិកូរ៉េ បានផ្ដល់អាហារូបករណ៍ ជួយបណ្ដុះបណ្ដាល សិក្ខាកាម កងយោធពលខេមរភូមិន្ទ ជាបន្តបន្តបន្ទាប់ មានរយៈពេលវែង និងរយៈពេលខ្លី ដែលមកដល់ពេលនេះ មាននាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន ៥៧ នាក់ បានទៅសិក្សានៅប្រទេសកូរ៉េ ។
ក្នុងជំនួបជាមួយ លោក លី ជុងស៊ុប រដ្ឋមន្ត្រីក្រសួងការពារជាតិសាធារណរដ្ឋកូរ៉េនៅខេត្តសៀមរាបនាពេលថ្មីៗនេះ សម្ដេច ទៀ បាញ់ បានស្នើសុំដល់ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េឱ្យជួយជំរុញបង្កើនចំនួនអាហារូបករណ៍ដល់កម្ពុជាបន្ថែមទៀត នាឆ្នាំបន្តបន្ទាប់។
រដ្ឋមន្ត្រីការពារជាតិកូរ៉េ សង្ឃឹមថា កិច្ចសហប្រតិការរវាងសាធារណរដ្ឋកូរ៉េនិងកម្ពុជា នឹងក្លាយទៅជាសសរស្ដម្ភមួយដ៏សំខាន់ដើម្បីជំរុញបង្កើនសមត្ថភាពនៃកិច្ចសហកកិច្ចសហប្រតិការរក្សាសន្តិភាពក្រោមឆត្រ័របស់អង្គការសហប្រជាជាតិនៅពេលខាងមុខ។
ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក សាធារណរដ្ឋកូរ៉េបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការនៅក្នុងក្រុមការងារជំនាញដូចជា ក្នុងវិស័យប្រតិបត្តិការរក្សាសន្តិភាព វិស័យសន្តិសុខសមុទ្រ វិស័យសន្តិសុខព័ត៌មានវិទ្យា ក្នុងនោះបានចូលរួមកិច្ចសហប្រតិបត្តការនៅក្នុងតំបន់ថែមទៀត។
ដើម្បីជំរុញឱ្យកិច្ចសហការនេះកាន់តែឈានទៅមុខបន្ថែមទៀត រដ្ឋមន្ត្រីការពារជាតិកូរ៉េ បានស្នើដល់កម្ពុជា ឱ្យជួយសម្របសម្រួលធ្វើយ៉ាងណា អាចមានកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិសាធារណរដ្ឋកូរ៉េ ជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅពេលខាងមុខផងដែរ៕ ដោយ៖ គង់ សេដ្ឋាមុនី