លោក កើត រិទ្ធ ណែនាំឱ្យស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ផ្តល់អាទិភាព និងបង្កើនសកម្មភាពលើការងារប្រឆាំងការសម្អាតប្រាក់

ភ្នំពេញ៖ នៅចំពោះមុខថ្នាក់ដឹកនាំនៃស្ថាប័នតុលាការទូទាំងប្រទេស លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៍ បានណែនាំឱ្យសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ឱ្យផ្តល់អាទិភាព និងបង្កើនសមត្ថភាពលើការងារប្រឆាំងលើការសម្អាតប្រាក់។

លោករដ្ឋមន្រ្តីបានលើកឡើងបែបនេះក្នុងកិច្ចប្រជុំអំពីការត្រៀមលក្ខណៈសម្រាប់ការទទួលការចុះត្រួតពិនិត្យដល់ទីកន្លែង (On-Site Visit) ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ កាលពីថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២២។

បន្ថែមពីគ្នានេះលោករដ្ឋមន្រ្តី ក៏ឱ្យពង្រឹងសមត្ថភាពស្ថាប័ន និងក្រុមការងារប្រឆាំងការសម្អាតប្រាក់របស់ខ្លួន ដោយអនុវត្តឱ្យបានត្រឹមត្រូវស្របតាមច្បាប់និងនីតិវិធីជាធរមាន។ ក្នុងនោះលោកក៏អរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាលាជម្រះក្តី និងអយ្យការអមសាលាដំបូងទាំងអស់ ដែលបានចូលរួមចំណែកក្នុងការអនុវត្តការងារនាពេលកន្លងមក និងសំណូមពរឱ្យខិតខំប្រឹងប្រែងបន្តទៀតដើម្បីបុព្វហេតុជាតិ និងដើម្បីរួមចំណែកការពារប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា។

សូមជម្រាបថា ក្រុមការងារហិរញ្ញវត្ថុ (FATF) នឹងចុះមកវាយតម្លៃផ្ទាល់នៅកម្ពុជានៅដើមឆ្នាំ ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកថា នេះជាឱកាសមាសដ៏កម្រសម្រាប់កម្ពុជាដើម្បីឈានខ្លួនទៅរកការដកចេញពីបញ្ជីប្រផេះនៃក្រុមប្រទេសដែលមានហានិភ័យខ្ពស់ខាងលាងលុយកខ្វក់។

កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ កម្ពុជាបានដាក់ឱ្យប្រើប្រាស់ច្បាប់ថ្មីស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បន្ទាប់ពីកម្ពុជាត្រូវបានក្រុមការងារហិរញ្ញវត្ថុ FATF ដែលជាអង្គការអន្តររដ្ឋាភិបាលដែលបង្កើតគោលនយោបាយប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់បានដាក់ក្នុងបញ្ជីប្រផេះកាលពីដើមឆ្នាំ ២០១៩ និងត្រូវបានសហភាពអឺរ៉ុបបញ្ចូលទៅក្នុងបញ្ជីរដ្ឋមានហានិភ័យហិរញ្ញវត្ថុកាលពីខែឧសភា ឆ្នាំ ២០២០ កន្លងទៅ។

ច្បាប់ថ្មីនេះមាន ៩ មាត្រា និង ៤៧ ជំពូក ធ្វើឡើងក្នុងគោលបំណងធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងមានវិសាលភាព អនុវត្តរាល់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទាននៅកម្ពុជា៕ ដោយ៖ ឧត្តម