ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា និងប្រធានរដ្ឋសភាឡាវប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយទំាងទ្វេភាគី និងនៅលើវេទិកាសភាអន្តរជាតិ។ ការប្តេជ្ញានេះ បន្ទាប់ពីបានអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរួចមក លោក សាយ សំភូន ភូមវិហាន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបន្តដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។
សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានរៀបចំទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូន លោក សាយ សំភូន ភូមវិហាន និងគណៈប្រតិភូ បន្ទាប់មកប្រធានរដ្ឋសភាទាំងពីរបានជួបពិភាក្សាការងារទ្វេភាគីក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនងរដ្ឋសភា រដ្ឋាភិបាល និងប្រជាពលរដ្ឋប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើង។
ក្នុងជំនួបនោះ លោក សាយ សំភូន ភូមវិហាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៅក្នុងការរៀបចំកិច្ចកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ និងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់រៀបចំ ដែលធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែរន្ទឺឡើងនៅលើឆាកអន្តរជាតិ។ ប្រធានរដ្ឋសភាឡាវបានបញ្ជាក់ថា ជោគជ័យរបស់កម្ពុជានាពេលនេះ ជាមេរៀននិងបទពិសោធន៍សំខាន់មួយ សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអាយប៉ាលើកទី៤៥ របស់ប្រទេសឡាវ នៅក្នុងឆ្នាំ២០២៤ខាងមុខ។
ជាមួយគ្នានេះ ប្រធានរដ្ឋសភាប្រទេសទាំងពីរបានគាំទ្រចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ដោយបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
សម្តេច ហេង សំរិន និង លោក សាយ សំភូន ភូមវិហាន បានសន្យាថា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងប្រជាជនប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំនិងសកម្មឡើងទៀតនៅលើគ្រប់វិស័យ។
ក្នុងឱកាសនោះ លោក សាយ សំភូន ភូមវិហាន បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាចូលរួមកិច្ចប្រជុំកំពូលរវាងប្រធានរដ្ឋសភាឡាវ តំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ដែលរដ្ឋសភាឡាវ នឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខដែរ។
សម្តេច ហេង សំរិន បានទទួលយកការគោរពអញ្ជើញ របស់ប្រធានរដ្ឋសភាឡាវនេះ។ សម្តេចប្រធានមានសេចក្តីសោមនស្សរីករាយ ជាខ្លាំងដែលប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់បានមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចប្រធានរដ្ឋសភាកម្ពុជាចាត់ទុកការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ឡាវ ទាំងក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នឹងរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងនិងលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានជាង៦០ឆ្នាំមកនេះ កាន់តែរឹងមាំទ្វេដងថែមទៀត។
នៅក្នុងជំនួបទ្វេភាគីនេះប្រធានរដ្ឋសភាប្រទេសទាំងពីរបាន ផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកលើស្ថានការណ៍នយោបាយ សង្គម សេដ្ឋកិច្ច ពិសេសអំពីរដ្ឋសភាទាំងពីរទៅវិញទៅមក។ បន្ទាប់មកសម្តេចប្រធានរដ្ឋសភាកម្ពុជា និង ប្រធានរដ្ឋសភាឡាវ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) រវាងរដ្ឋសភាប្រទេសទាំងពីរ និងបានអញ្ជើញជាអធិបតីភាពក្នុងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងឡាវ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយឡើង នៅគ្រប់កម្រិត ទាំងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី នៅលើវេទិកាអន្តរសភានានា សំដៅបម្រើដល់ផលប្រយោជន៍ប្រទេសទាំងសងខាង ស្របតាមសភាពការណ៍ជាក់ស្តែង៕ដោយ៖ គង់ សេដ្ឋាមុនី