អ្នកជំនាញទេសចរណ៍ខេត្តបាត់ដំបងប្រមាណ ៤០០រូប នឹងទទួលបានការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច សម្រាប់ឆ្នាំ២០២៣ខាងមុខ

ភ្នំពេញ៖ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. បានឲ្យដឹងថា ការដាក់ បញ្ចូលខេត្តបាត់ដំបងទៅក្នុងគោលដៅគម្រោងសម្រាប់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនេះ គឺជាយុទ្ធសាស្ត្រមួយរបស់ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ដើម្បីជំរុញលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្ត ឲ្យបានកាន់ល្អប្រសើរតាមរយៈការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិក ដែលសម្រាប់ឆ្នាំ២០២៣ខាងមុខនេះគម្រោងនឹងផ្តល់ការបណ្តុះបណ្តាលដល់គ្រូបង្គោលចំនួន ៦០រូប និងអ្នកជំនាញទេសចរណ៍ចំនួន៣៥០នាក់ លើជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ការិយាល័យជួរមុខ គេហកិច្ច និងជំនាញឆុងកាហ្វេ។

ក្នុងពិធីប្រកាសឱ្យដំណើរការជាផ្លូវការកម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) កាលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក Christain Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact លើកឡើថា ខេត្តបាត់ដំបង ជាគោលដៅថ្មីរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញដែលអង្គការ Swisscontact កំពុងយកចិត្តទុកដាក់ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តបាត់ដំបង ក្នុងការផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន យុវនារី និងអ្នកជំនាញកម្រិតទាបក្នុងខេត្ត ដើម្បីទទួលបាលឱកាសការងារ និងបង្កើនប្រាក់ចំណូលសមរម្យ ក៏ដូចជាចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញមន្ទីរទេសចរណ៍ ដើម្បីមានមូលដ្ឋានធនធានគ្រូបង្គោលសម្រាប់និរន្តភាពការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចក្នុងខេត្តបាត់ដំបងផងដែរ។លោកបានបន្តទៀតថា អង្គការ Swisscontact នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិជាមួយដៃគូរអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដើម្បីគៀរគរប្រភពធនធាននិងបច្ចេកទេស សំដៅគាំទ្រការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា (HOKA) នេះឱ្យបានកាន់តែច្រើនបន្ថែមទៀត ជាពិសេសការពង្រីកវិសាលភាពទៅកាន់ខេត្តផ្សេងៗទូទាំងប្រទេស។

ជាមួយគ្នានេះដែរ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ Swisscontact ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ក្នុងការគាំទ្រលើកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ដែលកន្លងមកកម្មវិធីបណ្តុះបណ្តាលនេះបានធ្វើការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍សរុបចំនួនប្រមាណ ៣.០០០រូប ចាប់ពីឆ្នាំ២០១៧ ដល់២០២១ នៅតាមខេត្តគោលដៅភូមិភាគឦសានរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី ហើយបច្ចុប្បន្នបានពង្រីកការបណ្តុះបណ្តាលមកកាន់ខេត្តចំនួន ៥ទៀតនៅជុំវិញបឹងទន្លេសាបរួមមានខេត្ត៖ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ៕ ដោយ៖ សៀង ហៃ