ក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព(GCTP) នឹងបើកការិយាល័យនៅកម្ពុជា

ភ្នំពេញ៖ ប្រធានក្រុមក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព(GCTP) បានអះអាងថា នឹងបើកការិយាល័យនៅកម្ពុជា។​
​ការអះអាងបែបនេះ ខណៈដែល សម្ដេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្និបាតលើកទី៤៣ បាន អនុញ្ញាតឱ្យលោក Amed Bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកល ដើម្បីភាព អត់ឱន និងសន្តិភាព (GCTP) ចូលជួបសម្តែងការគួរសម នៅក្នុងឱកាស ដែលលោកចូល រួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

​លោក Amed Bin Mohamed Aljarwan បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេច ដែលបានអនុញ្ញាតឱ្យរូបលោកនិងគណៈប្រតិភូបានចូលជួបសម្តែងការគួរ សមនាឱកាសនេះ។ លោក បានជម្រាបសម្តេចអំពីបេសកកម្មរបស់អង្គការលោក ដែលនៅ ពេលនេះមានសមាជិកចំនួន៩៥ សុទ្ធសឹងជាសភាប្រទេសនានា នៅក្នុងសកលលោក។
​លោក Amed Bin Mohamed Aljarwan បានគូសបញ្ជាក់ថា ពេលខាងមុខអង្គការរបស់លោក នឹងបើកការិយាល័យតំបន់ប្រចាំនៅកម្ពុជា ហើយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការ កិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា នឹងត្រូវក្លាយជាប្រធាន GCTP នៅក្នុងអាណត្តិរយៈពេលមួយឆ្នាំ ចាប់ពីពាក់កណ្តាលឆ្នាំ ២០២៣ខាងមុខ។

​លោក Amed Bin Mohamed Aljarwan បានគោរពស្នើសុំសម្តេចប្រធានជំរុញ កិច្ចសហប្រតិបត្តិការរវាងអង្គការ GCTP និងសភាកម្ពុជា ហើយបានបញ្ជាក់ ភាពជាប្រធាននៃអង្គការនេះ នឹងជួយជំរុញកិច្ចសហប្រតិការរវាងអង្គការ GCTP និងស្ថាប័នរដ្ឋសភាដទៃទៀតឱ្យបានកាន់តែយល់ដឹងអំពីវប្បធម៌ និងការស្រឡាញ់សុខសន្តិភាពរបស់កម្ពុជា។

​សម្តេច ហេង សំរិន បានសម្តែងសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍ លោក Amed Bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកល ដើម្បី ភាពអត់ឱន និងសន្តិភាព និងសហការី ដែលបានមកចូលរួមមហាសន្និបាតអន្តរសភា អាស៊ាន(អាយប៉ា) លើកទី៤៣ នៅកម្ពុជា។
​សម្តេចបានគាំទ្របេសកកម្មការងាររបស់ GCTP និងបានកោតសរសើរនូវបទ អន្តរាគមន៍ របស់លោក Amed Bin Mohamed Aljarwan នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃ មហាសន្និបាតអាយប៉ា លើកទី ៤៣នេះ។

​ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចប្រធានរដ្ឋសភា បានឯកភាព នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់របស់សភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាពនៅ ក្នុងឆ្នាំ២០២៣ ខាងមុខ៕ដោយ៖ គង់ សេដ្ឋាមុនី