សម្ដេចតេជោ ៖ ជំនួបជាមួយ លោកបៃឌិន ជជែករឿងបញ្ជូនពលរដ្ឋខ្មែរ ជាប់ទោសនៅអាមេរិក មកស្រុកវិញ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា ក្នុងជំនួបជាមួយលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក អំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា មានការបើកជជែករឿងបញ្ជូនពលរដ្ឋខ្មែរ ជាប់ទោសនៅអាមេរិក ឲ្យត្រឡប់មកវិញ។

នាឱកាសអញ្ជើញបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោបានរំលឹកថា ក្នុងការបញ្ជូនពលរដ្ឋខ្មែរជាប់ទោសនៅអាមេរិក ត្រឡប់មកកម្ពុជាវិញ គឺកម្ពុជាមានកិច្ចព្រមព្រៀងជាមួយអាមេរិកប្រមាណជា២០ឆ្នាំមកហើយ។

សម្ដេចតេជោបន្តថា «រឿងពលរដ្ឋខ្មែរដែលជាប់គុកនៅអាមេរិក ហើយត្រូវបញ្ជូនមកស្រុកខ្មែរ ខ្ញុំបានស្នើសុំថា ឥឡូវចេះ កុំឲ្យពិបាកអនុវត្តនូវអនុស្សារណៈឆ្នាំ២០០២តែម្ដងទៅ រួចហើយសម្ភាសន៍តាមអនឡាញក៏បាន សម្ភាសន៍ផ្ទាល់ក៏បានដែរ។ អ្វីដែលខ្ញុំសូមកុំឲ្យជនជាតិបរទេស មកស្រុកខ្មែរ»៕ ដោយ៖ រិន ចំរើន