ភ្នំពេញ ៖ ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប នៅសល់តែកន្លះខែទៀត ក្រសួងអប់រំ យុវជន និងកីឡាដែលជាអ្នករៀបចំដំណើរការប្រឡង បានអំពាវនាវទុកជាមុនដល់បេក្ខជនប្រឡងទាំងជាង១ម៉ឺននាក់ ត្រូវគោរពបទប្បញ្ញត្តិឱ្យបានល្អ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន ឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ ចូលក្នុងមណ្ឌលជាដាច់ខាត។
ដំណើរការសំណេរប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២, ដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៨-១៤ ធ្នូ, ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-២៦ ធ្នូ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងនាថ្ងៃទី២១ វិច្ឆិកា បានឲ្យដឹងថា បេក្ខជនទាំងអស់ ត្រូវអនុវត្តខ្ជាប់ខ្ជួននូវវិធានសុខភាព និងសុវត្ថិភាពសម្រាប់ការ ប្រឡងនាថ្ងៃ៥និង៦ធ្នូ ជាពិសេសត្រូវរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់បានត្រឹមត្រូវជាប្រចាំនៅក្នុងមណ្ឌលប្រឡង។
ក្រសួងបញ្ជាក់ថា «សូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឲ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ»។
ក្នុងនោះក្រសួងក៏បានបញ្ជាក់ពីកាលបរិច្ឆេទសំខាន់ៗ នៃការប្រឡងឆ្នាំនេះ រួមមាន៖ ដំណើរការសំណេរប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២, ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១៤ ធ្នូ, ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-២៦ ធ្នូ។
ដោយឡែក សម្រាប់ការប្រកាសលទ្ធផលក្រសួងកំណត់យកថ្ងៃទី២៧ ធ្នូ ពេលរសៀលនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងបន្តនៅថ្ងៃទី២៨ ធ្នូ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។
បើតាមក្រសួង គឺថាបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤ នាក់ ស្រី ៦៨ ៧៧១ នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរមានចំនួនសរុប ២២១ មណ្ឌល ត្រូវជា៥ ១៧៤ បន្ទប់។ មណ្ឌលកំណែចំនួន១០មណ្ឌល នៅរាជធានីភ្នំពេញ។ មណ្ឌលស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ត្រូវបានកំណត់នៅអគាររដ្ឋបាល ក្រសួងអប់រំ ។ មណ្ឌលផ្ទៀងផ្ទាត់ពិន្ទុ ត្រូវបានកំណត់ នៅសាលាបឋមសិក្សាចៅពញាហុក។ វិញ្ញាសារទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួង៕ ដោយ៖ រិន ចំរើន