សម្ដេច សាយ ឈុំ ៖ ពេលយើងងើបពីវិបតិ្តកូវីដ បញ្ហាប្រឈមជាច្រើនកំពុងទាមទារឱ្យយកចិត្តទុកដាក់ខ្ពស់

ភ្នំពេញ ៖ ប្រធានព្រឹទ្ធសភាកម្ពុជាសម្តេច សាយ ឈុំ បានមានប្រសាសន៍ថា នៅពេលអាស៊ានកំពុងងើបឡើងវិញ និងរងផលប៉ះពាល់កើតចេញពីវិបតិ្តកូវីដ បញ្ហាប្រឈមជាអាទិភាពជាច្រើន កំពុងទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់។

ក្នុងពិធីបើកមហាសន្និបាតអាយប៉ា លើកទី៤៣ ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន» នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេច សាយ ឈុំ មានប្រសាសន៍ថា នៅពេលសម្លឹងឆ្ពោះទៅអនាគតរួមគ្នា គឺច្បាស់មានឆន្ទៈរួមគ្នាដែលតម្រែតម្រង់ដោះស្រាយរាល់បញ្ហាប្រឈមជាច្រើនដែលតំបន់អាស៊ានកំពុងជួបប្រទះ។

សម្ដេចបន្ដថា «នៅពេលដែលយើងកំពុង ងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់ដែលកើតចេញពីវិបតិ្តកូវីដ-១៩ បញ្ហាប្រឈមជាអាទិភាពជាច្រើនកំពុងទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីយើងទាំងអស់គ្នា ។ ក្នុងនោះរួមមាន៖ ភាពអាសន្ននៃការប្រែប្រួលអាកាសធាតុ ការកើនឡើងនៃភាពតាន តឹងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ អតិផរណាខ្ពស់នាំឱ្យតម្លៃនៃការរស់នៅកើនឡើងខ្ពស់ កង្វះខាតថាមពលដែលនាំឱ្យកំណើនវិសមភាពក្នុងសង្គម និងអត្រាភាពក្រីក្រកាន់តែអាក្រក់»។

សម្ដេច សាយ ឈុំ បញ្ជាក់ទៀតថា បញ្ហាទាំងអស់នេះ ប្រសិនបើមិនត្រូវបានដោះស្រាយទាន់ពេលវេលា នោះទេ ប្រាកដជានឹងបន្ទុចបង្អាក់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ព្រមទាំងបង្កការគំរាម កំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុតំបន់៕ ដោយ៖ រិន ចំរើន