ភ្នំពេញ៖ ក្រសួងកសិកម្មកម្ពុជានៅថ្ងៃទី១៧ វិច្ឆិកានេះ បានបង្ហាញការហួសចិត្តដែលមន្រ្តីខ្លួនគឺលោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ត្រូវបានសមត្ថកិច្ចអាមេរិកធ្វើការឃាត់ខ្លួននៅអាកាសដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌី ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក គ្រាដែលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជនៅប្រទេសប៉ាណាម៉ា ដោយត្រូវឆ្លងកាត់ទឹកដីអាមេរិក។ ក្រសួងថានឹងមិននៅស្ងៀមនោះទេដើម្បីស្វែងរកយុត្តិធម៌ជូនមន្រ្តីខ្លួន។
ក្នុងសេចក្តីប្រកាសព័ត៌មានចំនួនពីរទំព័រ ក្រសួងចាត់ទុកការឃាត់ខ្លួនមន្រ្តីរបស់ខ្លួនពីសំណាក់អាជ្ញាធរអាមេរិកបែបនេះគឺជារឿងដ៏គួរឱ្យភា្ញក់ផ្អើល និងបង្ហាញក្តីទោមនស្សយ៉ាងខ្លាំងផងដែរ។ សម្រាប់ក្រសួងទង្វើរបស់អាមេរិកបែបនេះគឺធ្វើឡើងស្របពេលដែលកម្ពុជា អាមេរិក កំពុងមានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនាពេលបច្ចុប្បន្ននេះ។
ឆ្លើយតបចំពោះបញ្ហានេះក្រសួងក៏ប្រកាសថាក្រសួងនឹងមិននៅស្ងៀមនោះទេចំពោះទង្វើខាងលើនេះ ដោយក្រសួងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីស្វែងរកយុត្តិយុត្តិធម៍ជូនមន្រ្តីខ្លួន ជាពិសេសអ្នកដែលបំពេញកាតព្វកិច្ចផ្លូវការតំណាងប្រទេស ស្របតាមអនុសញ្ញាអន្តរជាតិ ហើយក្រសួងធានាថា ច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងអនុសញ្ញាអន្តរជាតិនានានឹងត្រូវបានគោរព។
បើតាមក្រសួងកសិកម្ម ការដែលសមត្ថកិច្ចអាមេរិកឃាត់ខ្លួនលោក គ្រីះ ម៉ះផល នេះគឺដោយសារតែលោកត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិក។ ត្រង់ចំណុចនេះ ក្រសួងបានបកស្រាយថា សមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានអនុញ្ញាតឱ្យនាំចេញសត្វស្វាក្តាមនេះ គឺផ្អែកលើច្បាប់ និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិ។
ក្រសួងបានបញ្ជាក់ថា ចំពោះការនាំចូលសត្វស្វាក្តាមនេះទៅសហរដ្ឋអាមេរិក ក្រុមហ៊ុនដែលប្រកបអាជីវកម្មនាំចេញនេះត្រូវអនុវត្តទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិក ហើយសត្វស្វាក្តាមទាំងនេះមិនមែនត្រូវបានចាប់ពីព្រៃ ហើយបញ្ជូនចេញទៅក្រៅប្រទេសនោះទេ។ ជាក់ស្តែងសត្វប្រភេទនេះត្រូវបានចិញ្ចឹមនៅកម្ពុជាតាំងពីឆ្នាំ២០០៥មកម្ល៉េះ ហើយត្រូវបាននាំចេញសម្រាប់គោលដៅវេជ្ជសាស្រ្ត ជាពិសេសសម្រាប់ដំណាក់កាលធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង និងគ្រឿងសំអាង៕ ដោយ៖ ឧត្តម