សៀមរាប៖ នៅក្នុងពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងចែកមួកសុវត្ថិភាពដល់លោកគ្រូអ្នកគ្រូនៅ ក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោកកម្ពុជា បានមានប្រសាសន៍ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែកង្វល់ របស់រដ្ឋាភិបាល ព្រោះវាបានធ្វើឱ្យប៉ះពាល់យ៉ាងច្រើនដល់សង្គម សេដ្ឋកិច្ចកម្ពុជា។ ចំណែក មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺនៅតែដោយសារកត្តាមនុស្សដដែល។
លោកស្រី រដ្ឋលេខាធិការបានបន្តថា ក្នុងឆ្នាំ២០២១កន្លងមកនេះ មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍គឺការបើកបរលើសល្បឿនកំណត់ ៣៨ភាគរយ មិនគោរពសិទ្ធិអាទិភាព ២៤ភាគរយ មិនប្រកាន់ស្តាំ ១៤ភាគរយ វ៉ាជែង ៨ភាគរយ បត់ ៨ភាគរយ ស្រវឹង ៤ភាគរយ កត្តាយានយន្ត ៣ភាគរយ និងងងុយ ១ភាគរយ។
ជនរងគ្រោះភាគច្រើនមានអាយុពី១៥ឆ្នាំ ដល់៣៥ឆ្នាំ។ ក្នុងចំណោមនេះភាគច្រើន ជាអ្នកជិះម៉ូតូ គឺប្រមាណជាង ៧៥ភាគរយ ក្នុងនោះមិនពាក់មួកសុវត្ថិភាពមាន ប្រមាណជាង ៧០ភាគរយ ដែលភាគច្រើនមិនពាក់នៅពេលយប់(គ្រោះថ្នាក់ពេលយប់សរុបប្រមាណ៥៦ ភាគរយ បណ្តាលឱ្យស្លាប់ ៥៦ភាគរយ និងរបួស ៥០ភាគរយ)។ អ្នកស្លាប់ភាគច្រើន គឺនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម។
លោកស្រី រដ្ឋលេខាធិការបានបន្តថា យើងឃើញហើយថា អាត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះ ភាគច្រើនជាអ្នកជិះម៉ូតូមិនពាក់មួយសុវត្ថិភាព ដូចនេះលោកស្រីជំរុញឱ្យលោកគ្រូអ្នកគ្រូជួយផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយទៅសិស្សទាំងអស់ពេលធ្វើដំណើរសូមឱ្យពាក់មួកសុវត្ថិភាព ឱ្យបានត្រឹមត្រូវ និងឱ្យបានគ្រប់គ្នា ព្រោះមួកមួយជួយជីវិតបានម្នាក់។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងថា អនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានរៀបចំលិខិតស្នាមពាក់ព័ន្ធការងារ សុវត្ថិភាព ចរាចរណ៍ និងបានចេញសេចក្តីអំពាវនាវទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ រៀបចំយុទ្ធនាការ ពញ្ញាក់ស្មារតី ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទនៅលើដងផ្លូវ នៅមុនឱកាស បុណ្យជាតិ សំខាន់ៗ ក្រុមការងារលេខាធិការដ្ឋានបានចុះធ្វើការណែនាំ ផ្សព្វផ្សាយអប់រំ ចែកខិតប័ណ្ណ និងចងបដាពាក្យស្លោកអប់រំអំពីសុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវជាតិ និងទីប្រជុំជន នានាក្នុងខេត្ត ចុះធ្វើការផ្សព្វផ្សាយ អប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់សហគមន៍ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អ្នកប្រើប្រាស់ផ្លូវ និងបានចែកឯកសារពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍។
លោកអភិបាលរងបានបន្តថា នៅរយៈពេល០៩ខែ ដើមឆ្នាំ២០២២ ខេត្តសៀមរាប មានគ្រោះថ្នាក់ចរាចរណ៍បានកើតចំនួន ៨៦លើក កើនឡើង៤៤លើក ស្មើ៥១ ភាគរយ បណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៨៦នាក់ (ស្រីចំនួន២៦នាក់) កើនឡើង៤៨នាក់ ស្មើ៥៦ភាគរយ របួសធ្ងន់ចំនួន ៥៣នាក់ (ស្រីចំនួន២០នាក់) កើនឡើង៣៧នាក់ ស្មើ៤៣ ភាគរយ របួសស្រាលចំនួន ៤៤នាក់ (ស្រីចំនួន១៨នាក់) កើន១៦នាក់ ស្មើ១៩ភាគរយ៕ ដោយ៖ គង់ សេដ្ឋាមុនី