ភ្នំពេញ៖ មន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូ្នន បានបើកកិច្ចប្រជុំពិនិត្យ និងកែសម្រួលខ្លឹមសារនៃសេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីអភិវឌ្ឍន៍វិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ដើម្បីឱ្យកាន់តែមានខ្លឹមសារស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងជំរុញការច្របាច់បញ្ចូលជាគោលនយោបាយជាតិរួមគ្នាតែមួយ ។
កិច្ចប្រជុំធ្វើឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ និងដឹកនាំដោយ លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និង លោក ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និង មានការចូលរួមពីលោកពីអគ្គនាយករង លោកប្រធាននាយកដ្ឋានផ្លូវដែក លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន លោកប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធផងដែរ។
បើតាមក្រសួងសាធារណការ ចក្ខុវិស័យនៃគោលនយោបាយជាតិនេះ គឺបង្កើតប្រព័ន្ធដឹកជញ្ជូនតាមផ្លូវថ្នល់ និងផ្លូវទឹក ស្របតាមទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា ប្រកបដោយប្រសិទ្ធភាពខ្ពស់ (គ្របដណ្តប់ ការតភ្ជាប់ ជឿជាក់ ងាយស្រួល សុវត្ថិភាព និងតម្លៃសមរម្យ) បរិស្ថានល្អ ផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ ទាក់ទាញវិនិយោគ សមភាព លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងជំរុញពិពិធកម្មមូលដ្ឋានគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព ធ្វើឱ្យសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕ ដោយ៖ ពុទ្ធិពល