សម្តេច ស ខេង ៖ លទ្ធផលដ៏ត្រចះត្រចង់នៃកិច្ចប្រជុំកំពូលអាស៊ាន បានរួមចំណែកបង្កើនជំនឿទុកចិត្តកាន់តែខ្លាំងមកលើកម្ពុជា

ភ្នំពេញ ៖ ក្រោយកិច្ចប្រជុំកំពូលអាស៊ានបានបញ្ចប់ទៅ២ថ្ងៃ ក្នុងនាមជានាយករដ្ឋមន្ដ្រីស្ដីទី សម្ដេច ស ខេង បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បំពេញភារកិច្ចប្រកបដោយជោគជ័យ១០០% ក្នុងកិច្ចការពារសុវត្ថិភាព នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ។ សម្រាប់លទ្ធផលដ៏ល្អនេះ ត្រូវបានសម្តេចអះអាងថា គឺបានរួមចំណែក បង្កើនជំនឿទុកចិត្តកាន់តែខ្លាំងឡើងមកលើកម្ពុជា។

យោងតាមលិខិតថ្លែងអំណរគុណនាថ្ងៃទី១៤ វិច្ឆិកា សម្ដេច ស ខេង គូសបញ្ជាក់ថា ការសម្រេចបានបេសកកម្មដ៏មានអត្ថន័យនេះ មិនត្រឹមតែទទួលបានការ សាទរយ៉ាងក្លៀវក្លាពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសមិទ្ធផលដ៏លេចធ្លោមួយគួរឲ្យស្ញប់ស្ញែងដែលនាំមកនូវមោទកភាព កិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ក្នុងទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា។

សម្ដេចបន្ថែមថា “ទន្ទឹមជោគជ័យដ៏ត្រចះត្រចង់នេះ ក៏បានរួមចំណែកបង្កើនជំនឿទុកចិត្តកាន់តែខ្លាំងក្លាថែមទៀតមកលើសមត្ថភាព ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់របស់កម្ពុជាក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ ដែល នឹងប្រារព្ធធ្វើនាបណ្ដាឆ្នាំខាងមុខ”។

កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ លើកទី៣ ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បាន ដំណើរការទៅយ៉ាងរលូន ប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ។ ក្នុងកិច្ចប្រជុំនេះ កម្ពុជាដាក់កងកម្លាំងជាង១ម៉ឺននាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព៕ ដោយ៖ រិន ចំរើន