ភ្នំពេញ ៖ លោក Charles Michel ប្រធានក្រុមប្រឹក្សាសហគមន៍អឺរ៉ុប(EU)បានប្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា នឹងពិនិត្យលទ្ធភាពក្នុងការចូលរួមចំណែកជួយបង្រៀនមន្រ្តីអ៊ុយក្រែនដោះមីន ខណៈកម្ពុជាបានត្រៀមលក្ខណៈតាំងពីជិតមួយខែមុន សម្រាប់ជួយអ៊ុយក្រែនដែលកំពុងរងការឈ្លានពានពីរុស្ស៊ីលើសកម្មភាពផ្នែកដោះមីននេះ។
ក្នុងជំនួបពិភាក្សាជាមួយសម្តេចតេជោ នាថ្ងៃ១២ វិច្ឆិកា លោក Charles Michel មានប្រសាសន៍ប្រាប់សម្តេចតេជោថា “ក្រុមប្រឹក្សាអឺរ៉ុប និងអាស៊ានមានកិច្ចសហប្រតិបត្តិការច្រើនដែលអាចសហការគ្នា ក្នុងនោះឯកឧត្តម នឹងពិនិត្យលទ្ធភាពចូលរួមជួយដល់ការបង្រៀនអ៊ុយក្រែនក្នុងដោះមីនផងដែរ”។
បន្ថែមពីលើខ្លឹមនៃជំនួបរវាងភាគីទាំង២នេះ ក្រសួងការបរទេសខ្មែរក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ថ្នាក់ដឹកនាំទាំង២ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ក្នុងនោះសម្តេចតេជោបានសង្កត់ធ្ងន់អំពីជំហររបស់កម្ពុជាប្រឆាំងនឹងការគំរាមកំហែងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងបានគូសបញ្ជាក់អំពីសកម្មភាពមនុស្សធម៌របស់កម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍នៃការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ក្រោមកម្មវិធីរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសមួយចំនួនជុំវិញពិភពលោក៕ ដោយ៖ រិន ចំរើន