ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំកំពូល អាស៊ានបូកបី (APT) នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តឥតងាករេ នៃថ្នាក់ដឹកនាំប្រទេសអាស៊ានបូកបី ក្នុងការពង្រឹងកាន់តែស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏លំបាកនានា ក្នុងក្របខណ្ឌតំបន់ និងសកល។
អាស៊ានបូកបី (APT) ដែលមានសមាជិកអាស៊ានទាំង១០ បូកប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាដៃគូដ៏សំខាន់មិនអាចខ្វះបានរបស់អាស៊ានគ្រប់ទិដ្ឋភាពទាំងអស់ ទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិភាព និងនយោបាយ។ នេះជាការថ្លែងបន្តរបស់សម្តេច។
ជាមួយគ្នានេះ សម្តេចតេជោឲ្យដឹងទៀតថា ជាការពិត ប្រវត្តិសាស្ត្រ បានបង្ហាញឃើញថា ទោះស្ថិតក្នុងកាលៈ ទេសៈណាក៏ដោយ អាស៊ានបូកបី តែងតែប្រកាន់ខ្ជាប់ស្មារតីរួបរួមគ្នាជានិច្ច ។
អាស៊ានបូកបី បានក្លាយជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដ៏ទូលំទូលាយបំផុតមួយនៅក្នុងតំបន់ ហើយកិច្ចសហប្រតិបត្តិការ អាស៊ានបូកបីត្រូវបានពង្រីក និងស៊ីជម្រៅលើវិស័យជាច្រើន រួមទាំងផ្នែកនយោបាយ-សន្តិសុខ ពាណិជ្ជកម្ម និងការវិនិយោគ ហិរញ្ញវត្ថុ ថាមពល ទេសចរណ៍ កសិកម្ម និងព្រៃឈើ បរិស្ថាន ការអប់រំ សុខភាព វប្បធម៌ និងសិល្បៈជាដើម ។
សូមបញ្ជាក់ថា ដំណើរការកិច្ចសហប្រតិបត្តិការ អាស៊ានបូកបី (APT) បានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ១៩៩៧ ចាប់តាំងពីពេលនោះមក បានវិវឌ្ឍជាយន្តការដ៏សំខាន់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ឆ្ពោះទៅរកគោលដៅរយៈពេលវែង នៃការកសាងសហគមន៍អាស៉ីបូព៌ា ដោយមានអាស៊ានជាកម្លាំងចលករ៕ ដោយ៖ រិន ចំរើន