ក្រុមបាញ់កាំភ្លើងដៃកម្ពុជាចំនួន៥៥ រូប ចូលរួមប្រកួតបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាននៅរដ្ឋធានីហាណូយ

ភ្នំពេញ៖ ក្រុមបាញ់កាំភ្លើងដៃកម្ពុជាចំនួន៥៥រូប ចូលរួមប្រកួតបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងពិធីបិទការប្រកួតបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ានលើកទី៣០ (ASEAN Armies Rifle Meet – AARM 30)ដែលប្រព្រឹត្តទៅនារសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរដ្ឋធានីហាណូយ គេឃើញមានវត្តមាន លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ានទាំង១០ ប្រទេស អញ្ជើញចូលរួមប្រកួតបាញ់កាំភ្លើងមិត្តភាព និងដាំដើមឈើមិត្តភាព ព្រមទាំងបានទស្សនាការសម្តែងសិល្បទស្សនីយភាពផ្សេងៗ ដែលរៀបចំដោយកងទ័ពប្រជាជនវៀតណាមជាម្ចាស់ផ្ទះ។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បានបញ្ចប់ទៅប្រកបដោយមនោសញ្ចេតនា និង ស្មារតីភាតរភាពស្និទ្ធស្នាល បន្ទាប់ពីត្រូវបានខកខាករៀបចំអស់រយៈពេល ០២ ឆ្នាំជាប់គ្នាមក គឺឆ្នាំ២០២០ និង២០២១ កន្លងទៅនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

សម្រាប់ឆ្នាំ២០២៣ ខាងមុខ កងទ័ពជើងគោក នៃកងភូមិន្ទថៃ នឹងទទួលបន្តធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ជំនួបបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន (AARM) នេះ រួមទាំងកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (AACAM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងអាស៊ាន (ASMAM)៕
ដោយ៖ គង់ សេដ្ឋាមុនី