អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន ៖ ប្រធានាធិបតីអ៊ុយក្រែន មិនអាចថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានបានឡើយ

ភ្នំពេញ ៖ ទោះបីជាយ៉ាងណា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាមិនធ្វើតាមសំណើររបស់ លោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Vladimir Zelensky ) ប្រធានាធិបតីអ៊ុយក្រែន ឲ្យថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានឡើយ។ នេះបើលោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន ។

ការមិនអាចថ្លែងសន្ទរកថាបានរបស់ លោក ហ្ស៊ែលឡិនស្គី ដោយសារគ្មានការសម្រេចណាមួយ ជាលក្ខណៈកុងសង់ស៊ីស ពីសមាជិកអាស៊ានទាំងអស់ ។
លោក គង់ ភោគ បានបញ្ជាក់ក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ថា «រឿងដែលឆ្លងកាត់នូវការសម្រេច ដោយកុងសង់ស៊ីស ពីសមាជិកអាស៊ានទាំងអស់ ហើយម្យ៉ាងក្នុងនាមជាភ្ញៀវរបស់ប្រធានអាស៊ាន គឺអាចត្រឹមចូលរួមក្នុងពិធីបើកកម្មវិធីដែលមិនពាក់ព័ន្ធនឹងកិច្ចប្រជុំប៉ុណ្ណោះ»។

លោកបន្ថែមថា «ដូច្នេះនៅក្នុងករណីនេះ យើងមិនមានស្ថានភាពហ្នឹងទេ ដូច្នេះគាត់នឹងមិនអាចថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីអ្វីមួយនៅកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឡើយ»។

ប៉ុន្តែលោកបានបញ្ជាក់ដែរថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក៏នឹងអាចធ្វើជាអ្នកសម្របសម្រួលដើម្បីសន្តិភាពអ៊ុយក្រែន ប្រសិនបើមានការស្នើសុំពីភាគីពាក់ព័ន្ធ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជំនួបតាមទូរស័ព្ទលើកដំបូងជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ាន លោក ហ្ស៊ែលឡិនស្គី បានស្នើសុំសម្តេចថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ក្នុងពេលបើកកិច្ចប្រជុំកំពូលអាស៊ាន ខណៈលោកមិនបានអញ្ជើញចូលរួមផ្ទាល់ ប៉ុន្តែបានបញ្ជូនរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនឲ្យចូលរួមជំនួស៕ ដោយ៖ រិន ចំរើន