ភ្នំពេញ៖ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកព័ត៌មាន និងសោតទស្សន៍បានគូសបញ្ជាក់ថា សម្រាប់ថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកំពុងប្រព្រឹត្តទៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលមានការចូលរួមពីអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិជាច្រើនហួសពីការរំពឹងទុក។
ថ្លែងប្រាប់អ្នកសារព័ត៌មាននារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ភ្នំពេញ លោក ផុស សុវណ្ណ បានលើកឡើងថា ក្នុងកិច្ចប្រជុំថ្ងៃដំបូងនេះ មានអ្នកសារព័ត៌មានជាតិ អន្ដរជាតិ ចូលរួមប្រមាណជាង ៥០០នាក់ ដោយគិតត្រឹមម៉ោង ១២:០០ថ្ងៃត្រង់ ក្នុងចំណោមអ្នកសារព័ត៌មានដែលបានចុះឈ្មោះប្រមាណ ១ ៧៥០ នាក់។ លោក ផុស សុវណ្ណ បានគូសបញ្ជាក់ថា កិច្ចការងារយកព័ត៌មាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនេះមានភាពល្អប្រសើរច្រើន ជាពិសេសសម្រាប់អ្នកសារព័ត៌មានក្នុងស្រុក ដោយសារបទពិសោធន៍នៃការចូលរួមក្នុងព្រឹត្តិការណ៍បែបនេះកន្លងៗមក ធ្វើឱ្យសារព័ត៌មានយើងអាចធ្វើការងារយកព័ត៌មាននៅទីតាំងផ្ទាល់នេះបានយ៉ាងល្អប្រសើរ។
សូមជម្រាបជូនថា ការចុះឈ្មោះសម្រាប់អ្នកសារព័ត៌មានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ត្រូវបានបិទតាំងពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ដោយមានអ្នកសារព័ត៌មានចុះឈ្មោះប្រមាណ ១ ៧៥០ នាក់។ គិតរហូតមកដល់ពេលនេះ ចំនួនអ្នកសារព័ត៌មានដែលបានចុះឈ្មោះមិនមានការកែប្រែនោះទេ ប៉ុន្តែមានការបំពេញបន្ថែមសម្រាប់អ្នកសារព័ត៌មានដែលអវត្តមានដោយសារជាប់រវល់ភារកិច្ចផ្សេង។
លោក ផុស សុវណ្ណ សូមស្នើឱ្យអ្នកសារព័ត៌មានទាំងអស់គោរពតាមគោលការណ៍ណែនាំដែលត្រូវបានដាក់ចេញដោយក្រុមការងារ ហើយលោកក៏បានសំណូមពរផងដែរដល់ក្រុមសមត្ថកិច្ចក្នុងការសម្រួលការងារយកព័ត៌មាននេះដល់អ្នកសារព័ត៌មាន ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនេះប្រព្រឹត្តិទៅដោយរលូនស្របតាមពិធីការ និងពិធីសារអន្តរជាតិ ក៏ដូចជាធានាឱ្យបាននូវការយកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះ ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ៕ដោយ៖ គង់ សេដ្ឋាមុនី