វៀតណាម៖ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានលើកទ្បើងថា កម្ពុជាចង់ឃើញមីយ៉ាន់ម៉ាអាចដោះស្រាយបាននូវបញ្ហាចំពោះមុខ នឹងឆាប់វិលទៅប្រក្រតីភាពទ្បើងវិញ ខណៈប្រទេសកម្ពុជាត្រៀមខ្លួនគាំទ្រជួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ។
ការលើកឡើងយ៉ាងដូច្នេះ របស់លោក ហ៊ុន ម៉ាណែត ធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយមេបញ្ជាការ ការិយាល័យប្រតិបត្តិការពិសេសលេខ៥ នៃកងទ័ពជើងគោកមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ខណៈលោក ចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោក ហ៊ុន ម៉ាណែតថ្លែងថា ចំពោះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងការជំរុញនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការបែបយុទ្ធសាស្ត្រដ៏សំខាន់។
លោក ថេត ផូន (Thet Pone) មេបញ្ជាការ ការិយាល័យប្រតិបត្តិការពិសេសលេខ៥ នៃកងទ័ពជើងគោកមីយ៉ាន់ម៉ា បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយជ្រោមជ្រែងដល់ប្រទេសមីយ៉ាន់ម៉ាទាំងក្នុងការឧបត្ថម្ភសម្ភារបរិក្ខារក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការជួយដោះស្រាយនូវបញ្ហាចំពោះមុខនានាក្នុងនាមជាប្រធានអាស៊ាន។
លោក បានសម្តែងនូវការជឿជាក់ថា ប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា នឹងបន្តចំណងកិច្ចសហប្រតិបត្តិការដ៏ល្អតទៅទៀតទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌតំបន់៕ ដោយ៖ ពុទ្ធិពល