ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ទោះបីជាសភាពការណ៍ ពិភពលោកមានការប្រែប្រួល និងពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងកម្ពុជា-វៀតណាម នៅតែល្អប្រសើរ និងគ្មានការប្រែប្រួលអ្វីឡើយ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមជាមួយលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម ក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម២០២២ នាល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងរំលឹកថា កន្លងមក សម្តេច និងលោក ង្វៀង សួនហ្វុក អតីតនាយករដ្ឋមន្ត្រីវៀតណាម បច្ចុប្បន្នធ្វើជាប្រធានរដ្ឋវៀតណាម បានដាក់ចេញគោលដៅត្រឹមតែ៥ពាន់លានដុល្លារ ប៉ុន្តែនៅពេលកូវីដ១៩ មកដល់ទំហំពាណិជ្ជកម្ម បានកើនរហូតដល់ ១០ពាន់លានដុល្លារ។
សម្តេចតេជោថា «បើទោះបីជាសេដ្ឋកិច្ចសកលលោក និងក្នុងតំបន់មានការប្រែប្រួលពិបាកប៉ាន់ស្មាន ប៉ុន្តែអ្វីដែលយើងត្រូវជឿជាក់ គឺទំនាក់ទំនងដៃគូរវាងកម្ពុជា និងវៀតណាម នៅតែល្អ ហើយនៅតែបំពេញឱ្យគ្នាបានជារៀងរហូតទៅ»។
សម្តេចតេជោ ក៏បានបង្ហើបថា នៅឆ្នាំ២០២២នេះ កម្ពុជា នឹងអាចប្រមូលពន្ធបានរហូតដល់ ១១៥ភាគរយ ដែលលើសនឹងផែនការកំណត់ផងដែរ៕ ដោយ៖ រិន ចំរើន