ភ្នំពេញ៖ ក្នុងជំនួបពិភាក្សា នៅរសៀលថ្ងៃទី០៨ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅវិមានព្រឹទ្ធសភា សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង លោក ផាម មិញជីញ (Pham Minh Chin) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអះអាងពីចំណងមិត្តភាពដ៏រឹងមាំ និងបន្តយូរអង្វែងក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា។
សម្តេចប្រធានព្រឹទ្ធសភា និងបានអះអាងជាថ្មីថា «ទោះបីស្ថានភាពតំបន់ និងអន្តរជាតិមានការវិវត្ត ប្រែប្រួលឆាប់រហ័សស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់ក៏ដោយ ក៏ពុំមានកម្លាំងណាអាចបំបែកបំបាក់សាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរបានឡើយ ទាំងពេលបច្ចុប្បន្ន និងពេលអនាគតយូរអង្វែង។ កម្ពុជាប្រកាន់ខ្ជាប់ខ្ជួនឥតងាករេចាត់ទុកវៀតណាមជា “អ្នកជិតខាងល្អ មិត្តភក្តិល្អ បងប្អូនល្អ និងដៃគូល្អ”»។
សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាវៀតណាម មានទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការដ៏ល្អ ដែលស្តែងចេញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតទៅវិញទៅមកជាញឹកញាប់ និងការបន្តគាំទ្រគ្នាទៅវិញទៅមកជាបន្តបន្ទាប់នៅក្នុងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិនៃអន្តរសភា ដូចជា៖ IPU, AIPA, CLV-DTA, APPF, APF, ASEPជាដើម។
ក្រៅពីមុខងារស្នូលរបស់សភា និងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ សភានៃប្រទេសទាំងពីរមានភារកិច្ចរួមចំណែកការពារ ថែរក្សា ពូនជ្រំចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរឱ្យរឹងមាំស្ថិតស្ថេរ និងជំរុញការផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយឱ្យបានយល់ដឹងច្បាស់អំពីសារៈសំខាន់ នៃប្រវត្តិសាស្រ្តដ៏មានតម្លៃរវាងកម្ពុជា-វៀតណាម សម្រាប់បន្តវេននាពេលអនាគត។
ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងការអបអរសាទរដ៏ស្មោះស្ម័គ្រចំពោះសមិទ្ធផលដ៏ធំធេងដែលបក្សកុម្មុយនីស្តវៀតណាម រដ្ឋាភិបាល និងប្រជាជនវៀតណាមសម្រេចបានក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខ្លួន។ សម្តេចមានជំនឿជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនីស្តវៀតណាម រដ្ឋាភិបាល និងសភាវៀតណាម វៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធផលសង្គម-សេដ្ឋកិច្ចធំៗបន្ថែមទៀត និងឈានឆ្ពោះទៅសម្រេចបាននូវគោលដៅ “ក្លាយទៅជាប្រទេសអភិវឌ្ឍន៍មានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥”។
លោក ផាម មិញជីញ បានពាំនាំនូវការសួរសុខទុក្ខពីឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តមប្រធានរដ្ឋវៀតណាម និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភាកម្ពុជា។ លោក បានបញ្ជាក់ថា«ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺជាទំនាក់ទំនងមួយដែលគ្មានកម្លាំងអមិត្តណាមួយមកបំបែកបំបាក់បានឡើយ»។ ជាមួយគ្នានេះ លោក បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលនានា ដែល ប្រទេសកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យប្រជាជនកម្ពុជាមានជីវភាពរស់នៅយ៉ាងល្អប្រសើរ។
លោក ផាម មិញជីញ បានគូសបញ្ជាក់ថា ប្រទេសវៀតណាមគាំទ្រជានិច្ចដល់តួនាទីកម្ពុជាជាប្រធានប្តូរវេនអាស៊ាន និងសង្ឃឹមថាប្រទេសកម្ពុជានឹងទទួលបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំAIPAលើកទី៤៣។
ដោយមើលឃើញអំពីសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការបរទេស វិនិយោគ និងពាណិជ្ជកម្ម លោក ផាម មិញជីញ បានស្នើសុំឱ្យជំរុញសកម្មភាពលើគ្រប់វិស័យ និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ដើម្បីស្វែងយល់អំពីគ្នាបន្ថែមទៀតក្នុងបរិបទដែលសភាពការណ៍ក្នុងតំបន់ និងពិភពលោកមានការប្រែប្រួលដូចពេលបច្ចុប្បន្ននេះ។
លោក ផាម មិញជីញ សង្ឃឹមថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទំាំងពីរ នឹងមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងថែមទៀត និងគាំទ្រដល់ទំនាក់ទំនងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ ជាមួយគ្នានេះ សភានៃប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកលើរាល់បញ្ហាពហុភាគី ទាំងក្នុងតំបន់ និងពិភពលោក។ ឯកឧត្តមមានជំនឿជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋសភាវៀតណាម ជាមួយសភាកម្ពុជា នឹងកាន់តែរីកចម្រើនថែមទៀតនាពេលខាងមុខ៕ ដោយ៖ គង់ សេដ្ឋាមុនី