ភ្នំពេញ៖ ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) បានឯកភាពគ្នាជំរុញការតភ្ជាប់រវាងប្រទេសទាំងពីរ ទាំងតាមផ្លូវគោក ផ្លូវអាកាស តាមរយៈជំរុញឱ្យមានការហោះហើរត្រង់ពីខេត្តផ្សេងៗ ឬតាមទីក្រុងធំៗនៃប្រទេសនីមួយៗ ទៅកាន់គ្នាទៅវិញទៅមក។
នេះបើតាមលោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទាប់ពីរនួបទ្វេភាគីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្នុងពេលដែល លោកដឹកនាំគណៈប្រិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះដែរ លោក ផាម មិញជិញ បានសម្ដែងនូវការអបអរសាទរចំពោះបុណ្យខួបឯករាជ្យជាតិរបស់កម្ពុជា និងសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលក្នុងនាមជាប្រធានអាស៊ាន បានដឹកនាំការងារបានជោគជ័យរហូតមកដល់ពេលនេះ។ លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានជម្រាបជូនសម្ដេចតេជោ អំពីស្ថានភាពជាទូទៅនៅប្រទេសវៀតណាម ហើយថ្នាកដឹកនាំកំពូលនៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាទាំងលើទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច ដែលក្នុងនោះថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានឯកភាពគ្នា ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរជាបន្តទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច តាមរយៈបន្តជំរុញការផ្លាស់ប្ដូរថ្នាក់ដឹកនាំ យុវជន និងប្រជាជន រវាងប្រទេសទាំងពីរ ដោយធ្វើទស្សនកិច្ចរវាងគ្នាទៅវិញទៅមក។
ជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ទាំងផ្នែករឹង និងផ្នែកទន់ ជំរុញពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ តាមរយៈពង្រឹងពាណិជ្ជកម្មតាមព្រំដែនផង និងពង្រីកឱ្យមានទីផ្សារ និងបើកច្រកតាមព្រំដែន ដើម្បីឱ្យមានទំនិញចេញចូលរវាងប្រទេសទាំងពីរផង។ ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានឯកភាពគ្នាជំរុញការតភ្ជាប់រវាងប្រទេសទាំងពីរ ទាំងតាមផ្លូវគោក ផ្លូវអាកាស តាមរយៈឱ្យមានការហោះហើរត្រង់ពីខេត្តផ្សេងៗ ឬតាមទីក្រុងធំៗ ទៅកាន់គ្នាទៅវិញទៅមក។ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានឯកភាពគ្នា ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងឡើងទៅលើវិស័យឌីជីថល និងវិស័យទៃទៀតផងដែរ។ ជាការឆ្លើយតបក្នុងឱកាសនោះ ម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណផងដែរចំពោះភាគីវៀតណាម ដែលតែងតែផ្ដល់នូវអាហារូបករណ៍ជួយដល់កម្ពុជា និងសម្ដែងនូវការអបអរសាទរជូនចំពោះវៀតណាម ដែលបានទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងល្អ ព្រមទាំងទប់ស្កាត់ជំងឺកូវីដ១៩បានដោយជោគជ័យ៕ ដោយ៖ គង់ សេដ្ឋាមុនី