ភ្នំពេញ៖ អ្នកឧកញ៉ាគិត ម៉េង បោះទុនប្រមាណ ៤៥៦លានដុល្លារអាមេរិកសាងសង់ អគារការិយាល័យកណ្តាលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបនៅក្នុងរាជធានីភ្នំពេញ ដែលមានកម្ពស់អគារ ២៣០ម៉ែត្រ ស្មើនឹង ៤៥ជាន់ លើទំហំដី ៥.៣៤៧ម៉ែត្រការ៉េ។
ពិធីបុះបុកគ្រឹះសាងសង់អគារខាងលើនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមាសនការចូលរួម ពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកស្រី ម៉ៅ ចំណាន ប្រធានប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
តាមផែនការ គម្រោងនេះ នឹងចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២២ និងបញ្ចប់ត្រឹមខែវិច្ឆិកា ឆ្នាំ២០២៧។ទីស្នាក់ការកណ្តាលថ្មីរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនេះ នឹងមានលក្ខណៈ ពិសេស ដូចជា ការអភិវឌ្ឍ និងការប្រើប្រាស់ចម្រុះកម្រិត A រួមមាន ការលក់រាយ សណ្ឋាគារ សេវាកម្មអាផាតមិន និងការិយាល័យផងដែរ។ អគារនេះនឹងសមត្ថភាពគ្របដណ្តប់លើផ្នែកលំនៅដ្ឋាន ការិយាល័យ ឧស្សាហកម្ម លក់រាយ ការអប់រំ និងវិស័យសណ្ឋាគារ។
គម្រោងអគារនេះ ក៏នឹងឆ្លើតប រាជធានីភ្នំពេញដែលនឹងមានមនុស្សកាន់តែច្រើនឡើងៗ ទាំងក្នុងស្រុក និងមកពីក្រៅប្រទេសចូលមកស្វែងរកឱកាសផ្សេងៗ ជាមួយនឹងការរីកចម្រើនដ៏ខ្លាំងក្លានេះ សម្រាប់រាជធានីភ្នំពេញ ក្នុងការវិវត្ត និងរីកចម្រើន តាមវិធីថ្មីប្រកបដោយនិរន្តរភាព។ ម្យ៉ាងវិញទៀត វានឹងបង្កើតកន្លែង ដែលមនុស្សមានអារម្មណ៍សុវត្ថិភាព រីករាយ មានសុខភាពល្អ និងទំនាក់ទំនងជាដើម៕ដោយ៖ ពុទ្ធិពល