សៀមរាប៖ ព្រះសច្ចានុបាល នឿម វុទ្ឋី ព្រះចៅអធិការវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត មានសង្ឃដីកាថា ពិធីប្រណាំងទូក បែបប្រពៃណីនេះ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីចូលរួមប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុករបស់ជាតិ ដើម្បីថែរក្សាប្រពៃណីរវាងវត្តនិងសហគមន៍ដែលធ្លាប់មានមកកុំឱ្យបាត់បង់ ដើម្បីអបអរសាទរចំពោះបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្ត និងដើម្បីរំឭកដឹងគុណចំពោះវត្ថុសក្កិសិទ្ធិ និងអស់លោកអ្នកទាំងឡាយដែលតែងតែអភិបាល រក្សានូវទីអារាមរបស់យើងនេះ ឱ្យបានសុខសាន្តនិងសម្បូរសប្បាយ។
មានថេរដីកា បើកពិធីប្រណាំងទូក ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូប្រាសាទរង្សី អនុគណក្រុងសៀមរាប ព្រះធម្មធរគណខេត្ត បានចាត់ទុកការរៀបចំឱ្យមានពិធីប្រណាំងទូកឱបស្ទបជាមួយនឹងអង្គកឋិនទានថា ជាការលើកតម្កើងវប្បធម៌ជាតិ តាមរយៈព្រះពុទ្ធសាសនា ព្រោះថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់និងមានគុណតម្លៃមិនអាចកាត់បានចំពោះ សង្គមខ្មែរស្ទើរគ្រប់វិស័យ ដូចជាវិស័យសុខាភិបាល វិស័យសង្គមកិច្ច វប្បធម៌ នយោបាយ អប់រំ ជាដើម។
លោក តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានទទួលស្គាល់នូវតួនាទីយ៉ាងសំខាន់របស់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ ព្រមទាំងបានចារិកទុកក្នុងរដ្ឋធម្មនុញ្ញត្រង់ជំពូក៣ មាត្រា៤៣ ថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ»។ វត្តអារាម ព្រះពុទ្ធសាសនាបានរួមចំណែកស្ទើរគ្រប់វិស័យ ក្នុងការកសាងអភិវឌ្ឍសង្គមកម្ពុជាយើង តាំងពីអតីត រៀងរហូតដល់បច្ចុប្បន្ន ហើយក៏បន្តទៅអនាគតផងដែរ។ព្រះពុទ្ធសាសនានិងវត្តអារាមជាចំណុចកណ្ដាលនៃធ្លុងសាមគ្គីភាពជាតិ និងប្រជាធិបតេយ្យ ពោលគឺគ្មានកន្លែងណាដែល នាំឱ្យប្រជាជនខ្មែរទៅរកសាមគ្គីភាព និងប្រជាធិបតេយ្យបានល្អប្រសើរដូចទីវត្តអារាមឡើយ។
ប្រជាពលរដ្ឋទាំងអស់ បើទោះជាមាននិន្នាការខុសគ្នាខ្លះយ៉ាងណាក៏ដោយ ក៏អាចរួបរួមសាមគ្គីគ្នា ធ្វើការរួមគ្នា ធ្វើបុណ្យរួមគ្នានៅក្នុងទីវត្តអារាមដោយក្តីសោមនស្សជាភារតភាពបានដែរ។
សូមជំរាបថា៖បារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតនៅប៉ែកខាងត្បូងជាប់នឹងអាងបារាយណ៍ទឹកថ្លា ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប បានរៀបចំពិធីប្រណាំងទូក(ត្រី)លក្ខណៈប្រពៃណីឆ្នាំនេះមានរយៈពេលពីរថ្ងៃនៅថ្ងៃទី៥និងទី៦ខែវិច្ឆិកាឆ្នាំ២០២២មានទូកចូលរួម១៣គូ ទូកនីមួយៗចំណុះ៦នាក់ លទ្ឋផលនៅវគ្គផ្តាច់ព្រ័ត្ត ទូកលេខ១ដល់លេខ៣នឹងទទួលបានថវិកាឧបត្ថម្ភប្រមាណជាជាង១លានរៀល និងពាន១ ចំណែកទូកដែលមិនជាប់ទទួលពានរង្វាន់ក៍ទទួលបានថវិកាលើកទឹកចិត្តផងដែរ៕ ដោយ៖ គង់ សេដ្ឋាមុនី