មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាសន្និដ្ឋានត្រីអារ៉ាប៉ៃម៉ា ស្លាប់ដោយធម្មជាតិ

សៀមរាប៖ មន្ត្រីជលផលនៃអាជ្ញាធរជាតិអប្សរា បានសន្និដ្ឋាន ត្រីអារ៉ាប៉ៃម៉ា(Arapaima) ប្រវែង២.១៥ម៉ែត្រ ទទឹង០.៤០ម៉ែត្រ បានស្លាប់ដោយសារធម្មជាតិ ព្រោះក្រោយការពិនិត្យជាក់ស្តែង មិនមានឃើញស្លាកស្នាមណាមួយគួរឱ្យសង្ស័យនោះទេ ។

តាមចក្តីប្រកាសព័ត៌មានរបស់ អាជ្ញាធរជាតិអប្សរា ចេញផ្សាយនៅថ្ងៃទី ៤ ខែវិច្ឆិកានេះ ឱ្យដឹងថា នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៣និង៤០នាទី ក្រុមការងារសំអាតបរិស្ថាន អនាម័យនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញត្រីអារ៉ាប៉ៃម៉ា (Arapaima) ប្រវែង២.១៥ម៉ែត្រ ទទឹង០.៤០ម៉ែត្រ ដែលជាប្រភេទត្រីទឹកសាប មានប្រភពមកពីតំបន់អាម៉ាហ្សូននៅអាមេរិចខាងត្បូង បានស្លាប់នៅក្នុងកសិន្ទុប្រាសាទអង្គរវត្ត។

សេចក្តីប្រកាសព័ត៌មានបន្តថា ក្រុមការងារបានស្រង់យកត្រីនោះមកលើច្រាំង ជូនអ្នកជំនាញខាងជលផលពិនិត្យ និងបានកប់នៅផ្នែកខាងជើង នៃកសិន្ធុប្រាសាទអង្គរវត្ត។ តាមសេចក្តីសន្និដ្ឋានរបស់អ្នកជំនាញផ្នែកជលផល ត្រីនេះស្លាប់ដោយធម្មជាតិ ព្រោះពុំមានស្លាកស្នាមរិតរួតនៃមង ឬប្រការអ្វីផ្សេងឡើយ។

បើតាមប្រភពដដែលនេះ ត្រីស្លាប់នេះ ជាប្រភេទត្រីដែលស៊ីត្រីតូចជាងខ្លួន ជាអាហារ ហើយត្រូវបានមហាជនលួចយកព្រលែងក្នុងកសិន្ទ្រប្រាសាទអង្គរវត្ត។ ពាក់ព័ន្ធនឹងករណីនេះ នាពេល កន្លងមក អាជ្ញាធរជាតិអប្សរាធ្លាប់បានចេញសេចក្តីប្រកាសណែនាំ ហាមឃាត់ការព្រលែងត្រីក្នុងកសិន្ទុ ដែល ពុំមែនជាប្រភេទត្រីក្នុងស្រុក ពីព្រោះសកម្មភាពនេះ អាចនាំឱ្យមានការបាត់បង់ពូជត្រីធម្មជាតិក្នុងស្រុកផងដែរ។ ដោយ៖ ពុទ្ធិពល