នាយករដ្ឋមន្ត្រីកាណាដា នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក Justin Trudeau នាយករដ្ឋមន្ត្រី នៃប្រទេសកាណាដា បានបញ្ជាក់ថា លោកនឹងអញ្ជើញមកព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍របស់ការិយាល័យ លោកនាយករដ្ឋមន្ត្រី ដែលចេញផ្សាយកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ពីទីក្រុងអូតាវ៉ាប្រទេសកាណាដា បានឱ្យដឹងថា ក្រៅពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លោកនាយករដ្ឋមន្ត្រី នឹងចូលរួមដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ និងសកលជាមួយសមភាគីក្នុងអាស៊ាន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និង ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-កាណាដា ដើម្បីអបអរសាទរខួបលើកទី ៤៥ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កាណាដា។
ទន្ទឹមនេះ លោក Justin Trudeau ក៏បានប្តេជ្ញាចូលរួមលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ពង្រឹងពាណិជ្ជកម្មដោយផ្អែកលើច្បាប់ និងជំរុញកំណើនសេដ្ឋកិច្ចដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា និងបន្តទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជនកាណាដា និងប្រជាជនអាស៊ាន៕ ដោយ៖ គង់ សេដ្ឋាមុនី