ភ្នំពេញ៖ ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន បានប្រកាសជាផ្លូវការ ចំពោះលោក ផាម មិញជីញ Pham Minh Chinh) នាយករដ្ឋមន្រ្តីវៀតណាមដែលនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៨-៩ ខែវិច្ឆិកា ឆ្នាំ២០២២។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៣ វិច្ឆិកានេះ បានឲ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក ផាម មិញជីញ នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង។
លោកនាយករដ្ឋមន្រ្តីវៀតណាម ក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចហេង សំរិន ប្រធានរដ្ឋសភា។
ជាមួយគ្នានោះ សម្តេចតេជោ និងលោក ផាម មិញជីញ នឹងមានជំនួបពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិ-បត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាកង្វល់រួម។ នៅក្រោយជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធី ចុះហត្ថលេខាលើឯកសារ កិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។
ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោក ផាម មិញជីញ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ, មណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជា និងវិមានមិត្តភាពកម្ពុជា-វៀតណាម។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម ស្របនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៥៥ នៃការ បង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា«ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម» ៕ ដោយ៖ រិន ចំរើន