សម្ដេចតេជោ ៖ ក្នុងពេលជួបវិបត្តិកូវីដ វិស័យទេសចរណ៍កាន់តែចំបាច់ ទ្រទ្រង់កំណើនសេដ្ឋកិច្ច

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានមានប្រសាសន៍ថា ក្នុងឆ្លងកាត់នូវវិបត្តិកូវីដ-១៩ អស់រយៈពេល២ឆ្នាំកន្លងមកនេះ តួនាទីនៃវិស័យទេសចរណ៍ ត្រូវបានមើលឃើញថា កាន់តែចំបាច់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់សង្គមជាតិ។

ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ដ្រីទេសចរណ៍អេកម៉ិក (ACMECS) លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ដ្រីទេសចរណ៍ CLMV លើកទី៦ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំកន្លងមករបស់ថ្នាក់ដឹកនាំទេសចរណ៍អេកម៉ិក និងCLMV ដែលតាមរយៈកិច្ចប្រជុំ២ឆ្នាំម្ដង បានជំរុញឱ្យមានកំណើននៃលំហូរទេសចររវាងប្រទេសជាសមាជិក ក៏ដូចជាកិច្ចសហការផ្សព្វផ្សាយទាក់ទាញទេសចរពីប្រទេសទីបី ក្រោមយុទ្ធនាការ «ប្រទេស៥ គោលដៅទេសចរណ៍តែមួយ និងប្រទេស៤ គោលដៅទេសចរណ៍តែមួយ»។

សម្ដេចតេជោគូសបញ្ជាក់ថា «ពិតណាស់ថា ឆ្លងកាត់វិបត្តិកូវីដ-១៩ រយៈពេល ២ឆ្នាំ កន្លងមកនេះ តួនាទីនៃវិស័យទេសចរណ៍ត្រូវ បានមើលឃើញកាន់តែចំបាច់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់សង្គមជាតិ ហើយជាពិសេសតួនាទីដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិនិងប្រជាជាតិ, សាមគ្គីភាព និងមិត្តភាពន ប្រទេសក្នុងតំបន់»។

សម្តេចតេជោបន្តថា ក្នុងន័យនេះ ជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យទេសចរណ៍អេកម៉ិក និង CLMV ទាំងពេលបច្ចុប្បន្ន និងអនាគត ។

សម្ដេចតេជោថា ក្នុងបរិបទឌីជីថលូបនីយកម្ម ប្រទេសអេកម៉ិក និង CLMV គួរជំរុញការផ្លាស់ប្ដូរបទពិសោធន៍ លើដំណើរការបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ក្នុងនោះគួរដកពិសោធន៍គ្នាទៅវិញទៅមក លើការអនុវត្តកម្មវិធីអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការបង្កើនផលិតភាព និងឧត្តមភាពប្រកួតប្រជែង។

លើសពីនេះ សម្ដេចតេជោ បន្ថែមថា អេកម៉ិក និងCLMV គួរគិតគូរជំរុញលំហូរទេសចរផ្ទៃក្នុងតំបន់អាម៉ិក (ACMECS-Intra Traveler) និងលំហូរទេសចរផ្ទៃក្នុងតំបន់ CLMV (CLMV-Intra Traveler) ដោយត្រូវគិតគូរ ផងដែរ លើការបង្កើនការតភ្ជាប់ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក បន្ថែមទៀត ព្រមទាំងជំរុញ ទេសចរណ៍បើកបរដោយខ្លួនឯង (Self-Driving Tour)៕ដោយ៖ រិន ចំរើន