ភ្នំពេញ៖ ការហោះហើរឡើងវិញ រវាងកម្ពុជា និងឡាវ បានបង្ហាញពីសញ្ញាណវិជ្ជមាននៃការងើបឡើងវិញនូវវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ក្រោយវិបត្តិកូវីដ១៩។
ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីទេសចរណ៍ឡាវ មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំ ACMECS និងបើកឱ្យដំណើរការជើងហោះហើរឡើងវិញ ក្រោយស្បើយកូវីដ១៩ បានបង្ហាញពីសញ្ញាណវិជ្ជមានឡើងវិញនៃទំនាក់ទំនងការទូត ពាណិជ្ជកម្ម និងទេសចរណ៍។
នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកស្រី កុយ ពិសី រដ្ឋលេខាធិការក្រសួង ទេសចរណ៍ បានទទួលស្វាគមន៍ការអញ្ជើញមកដល់របស់លោកស្រីរដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ និងប្រតិភូអមចំនួន០៩រូប ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍អេកម៉ិក(ACMECS)លើកទី៥, កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ និងកិច្ចប្រជុំទាក់ព័ន្ធផ្សេងទៀត ចាប់ពីថ្ងៃទី០១-០៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប។
ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីទេសចរណ៍ឡាវ មកកាន់កម្ពុជានេះ គឺតាម ជើងហោះហើរទី១ នៃការហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ បន្ទាប់ពីកូវីដ-១៩ មានជើងហោះហើរចំនួន ០៣ជើងក្នុង១សប្តាហ៍ រវាងទីក្រុងហ្លួងព្រះបាង-ប៉ាក់សេ-សៀមរាប។ ការហោះហើរឡើងវិញនេះបានបង្ហាញពីសញ្ញាណនៃការងើបឡើង នៃវិស័យ ទេសចរណ៍កម្ពុជា ខណៈថ្មីៗនេះ មានការចាប់ផ្ដើមហោះឡើងវិញរបស់ក្រុមហ៊ុនជាច្រើនផ្សេងទៀត៕ ដោយ៖ គង់ សេដ្ឋាមុនី