ភ្នំពេញ៖ កម្ពុជាជាប្រទេសតូច មានប្រជាជនតិច ប៉ុន្តែមានភាពស្មើមុខស្មើមាត់ជាមួយប្រទេសតូចធំទាំងក្នុងតំបន់ និង ពិភពលោក។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានទទួលរៀបចំកិច្ចប្រជុំធំៗកម្រិតអន្តរជាតិ ដូចជា កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ព្រមទាំងវេទិកាអមជាច្រើនសម្រចបានជោគជ័យត្រចះត្រចង់ស្ទើរតែនឹកស្មានមិនដល់។ មុនកិច្ចប្រជុំកំពូលអាស៊ាន មិនដល់មួយសប្ដាហ៍ផង នៅថ្ងៃនេះកម្ពុជាបានប្រារព្ធខួបអនុស្សាវរីយ៍១០ឆាំ្ន ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) The Regional Comprehensive Economic Partnership (RCEP)។ ព្រឹត្តិការណ៍ជាច្រើនបានប្រារព្ធនៅកម្ពុជានេះ មិនមែនជារឿងចៃដន្យឡើយ។ តាមរយៈកិច្ចប្រជុំកំពូលជាបន្តបន្ទាប់បង្ហាញឱ្យឃើញថា កម្ពុជា មានសន្ដិភាពពិតប្រាកដ ពលរដ្ឋកម្ពុជាមានសមត្ថភាពច្បាស់លាស់លើឆាកអន្តរជាតិ អាចទទួលបន្ទុករៀបចំធ្វើជាម្ចាស់ផ្ទះ និងជាប្រធាន សហប្រធានកិច្ចប្រជុំ និង សន្និសីទកំពូលទាំងក្នុងស្រុកនិងក្រៅស្រុក។
តើប្រទេសណាខ្លះជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) The Regional Comprehensive Economic Partnership (RCEP) ?
ប្រទេសជាសមាជិកអាសិបមាន១៥ប្រទេសគឺ៖ អូស្ត្រាលី ព្រុយណេ កម្ពុជា ចិន ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ណូវែលហ្សេឡង់ ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
នៅថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង វេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀងអាសិប (RCEP)។
វេទិកានេះ ត្រូវបានរៀបចំឡើង ដើម្បីរំលឹកឡើងវិញ នូវដំណើរនៃអាសិប (RCEP) និងការសម្ពោធសៀវភៅទី២ របស់វិទ្យាស្ថាន ERIA ស្តីពីកិច្ចព្រមព្រៀង អាសិបក្រោមមូលបទ «ថាមវន្តនៃតំបន់អាស៊ីបូព៌ា និងកិច្ចព្រមព្រៀងអាសិបក្នុងក្របខ័ណ្ឌសម្រាប់សមាហរណកម្មតំបន់» ដែលវេទិកានេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងញ៉ាំងឱ្យកិច្ចព្រមព្រៀងអាសិប កាន់តែមានសារសំខាន់ ក្រោយចូលជាធរមានកាលពីដើមឆ្នាំ២០២២ នេះ បន្ទាប់ពីកិច្ចចរចា យ៉ាងស្វិតស្វាញជិត១០ឆ្នាំក្រោមគោលការណ៍ណែនាំ កំណត់ដោយ សេចក្តីថ្លែងការណ៍រួម ស្តីពីការបើកការចរចាកិច្ចព្រមព្រៀងអាសិប អនុម័តតាំងពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។
ការសិក្សារបស់ស្ថាប័នអន្តរជាតិសំខាន់ៗ បានបង្ហាញឱ្យឃើញថា ការអនុវត្តនូវអាសិបពេញលេញ នឹងបង្កើនទំហំពាណិជ្ជកម្មប្រមាណ ៤០ប៊ីលានដុល្លារអាម៉េរិក ធ្វើឱ្យប្រាក់ចំណូលពិត (Real Income) កើនឡើងរហូតដល់ ២,៥ភាគរយ បង្កើនសកម្មភាពពាណិជ្ជកម្មក្នុងចំណោមសមាជិកអាសិប ១២,៣ភាគរយ និងជួយលើកកម្ពស់ការរស់នៅប្រជាជន ២៧លាននាក់ បន្ថែមទៀតឱ្យចូលក្នុងក្រុមជនដែលមានជីវភាពរស់នៅកម្រិត មធ្យមផងដែរ សម្រាប់តំបន់អាសិបនៅឆ្នាំ២០៣៥ ខណៈដែលអាសិបត្រូវបានវាយតម្លៃថា នឹងបង្កើនប្រាក់ចំណូលសកលរហូតដល់ ២៦៣ ប៊ីលានដុល្លារ។
ការសិក្សារបស់វិទ្យាស្ថាន ERIA នៅដើមឆ្នាំ ២០២២ នេះ បានបង្ហាញឱ្យឃើញថា ផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជាអាចនឹងកើនឡើងបន្ថែមប្រមាណពី ២ភាគរយ ទៅ ៣,៨ភាគរយ ការនាំចេញអាចនឹងមានកំណើនបន្ថែមក្នុងរង្វង់ប្រមាណពី ៩,៤ភាគរយ ទៅ ១៨ ភាគរយ ឱកាសការងារប្រចាំឆ្នាំអាចកើនឡើងប្រមាណ ៣២ភាគរយ ទៅ ៦២ភាគរយ និងដែលចំណូល ពន្ធប្រចាំឆ្នាំកើនប្រមាណ ២ភាគរយ ទៅ ៣,៩ភាគរយក្នុងមួយឆ្នាំ ខណៈដែលការវិនិយោគជារួម អាចកើនឡើងប្រមាណ ២៣,៤ភាគរយផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើទោះជាប្រទេសអភិវឌ្ឍន៍តិចតួចក្តី កម្ពុជាជាប្រទេសបើកចំហសេដ្ឋកិច្ចខ្ពស់ ដោយបានផ្តល់តម្លៃខ្លាំងលើប្រព័ន្ធពហុភាគីនិយមផ្អែកលើវិធានច្បាប់ជាគោល និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសកល ដែលជារួមស្របគ្នានឹងគោលបំណងរបស់កិច្ចព្រមព្រៀង អាសិប»។
ក្រៅពីអាសិប កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នៅថ្ងៃតែមួយជាមួយអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខណៈដែល កម្ពុជាកំពុងបន្តពិនិត្យលទ្ធភាពធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូផ្សេងៗទៀត។
សូមរម្លឹកថា កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មតំបន់គ្រប់ជ្រុងជ្រោយ (អាសិប) មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូ ពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើមបង្កើតដំបូងនៅ ឆ្នាំ២០១២ នៅទីក្រុងភ្នំពេញ៕ដោយ៖ គង់ សេដ្ឋាមុនី