សម្តេចតេជោ ៖ សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា អាចបង្កើតភាពវឹកវរដល់ការអភិវឌ្ឍក្នុងតំបន់ និងសកលលោក

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានមានប្រសាសន៍ថា សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យានានា កំពុងជះឥទ្ធិពលអវិជ្ជមានមិនអាចប៉ានប្រមាណបាននោះ នឹងអាចបង្កើតជាភាពស្មុគស្មាញ និងភាពវឹកវរដល់ការអភិវឌ្ឍក្នុងតំបន់ និងសកលលោកសម្រាប់រយៈពេលខ្លី និងមធ្យម។

ក្នុងឱកាសអញ្ជើញបើកវេទិកាពិគ្រោះយោបល់កម្រិតខ្ពស់ ក្នុងឱកាសខួបអនុស្សាវរីយ៍ ១០ឆាំ្ន ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងដោយតំបន់ (អាសិប) នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងថា «បច្ចុប្បន្ននេះ ពិភពលោកកំពុងតែត្រូវបានហ៊ុមដោយហានិភ័យស្រួចស្រាលដូចជា ការប្រែប្រួលអាកាសធាតុ ភាពតានតឹងនៃស្ថានភាពភូមិសាស្ត្រនយោបាយតំបន់ ជាពិសេសសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងសង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិទ្យានានា កំពុងជះឥទ្ធិពលអវិជ្ជមានដែលមិនអាច ប៉ានប្រមាណបាន និងអាចបង្កើតជាភាពស្មុគស្មាញ និងភាពវឹកវរដល់ការអភិវឌ្ឍក្នុងតំបន់ និងសកល សម្រាប់រយៈពេលខ្លី និងមធ្យម»។

សម្ដេចតេជោបន្ដថា និន្នាការពហុប៉ូល ការប្រកួតប្រជែងដណ្ដើមផលប្រយោជន៍ និងការប្រែប្រួលនៃតុល្យភាពអំណាចសកល និងតំបន់ ព្រមទាំងការកើនឡើងនូវនិន្នាការគាំពារនិយម ក៏បាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់ចរន្តសកលភាវូបនីយកម្ម និងពហុភាគីនិយមផ្អែកលើ វិធានច្បាប់ផងដែរ។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បន្ថែមថា ក្នុងបរិបទនេះ អាសិបជាយន្តការមួយយ៉ាងសំខាន់ និងក៏ជាយុទ្ធសាស្ត្រ ដែលបង្ហាញពីការ ប្តេជ្ញាចិត្តឥតងាករេរបស់អាសិប ក្នុងការការពារប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដែលផ្អែកលើ គោលការណ៍ច្បាប់ ការបន្តបើកចំហ សេដ្ឋកិច្ច និងរក្សាបានស្មារតីសហប្រតិបត្តិការរួមគ្នា ៕ ​ដោយ៖ រិន ចំរើន