មេដឹកនាំមហាអំណាចធំៗ នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅដើមខែវិច្ឆិកាខាងមុខ

ភ្នំពេញ៖ ក្ដីស្រមៃរបស់កម្ពុជា ចង់ឃើញប្រមុខដឹកនាំ និង ប្រមុខរដ្ឋនៃប្រទេសមហាអំណាចក្នុងតំបន់ និង មហាអំណាចពិភពលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នៅដើមខែវិច្ឆិកាខាងមុខកាន់តែមានសង្ឃឹមខ្ពស់នៅពេលនេះ។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបង្ហើបថា ឥឡូវនេះ មានការឆ្លើយតប ការគោរពអញ្ជើញពីប្រធានអាស៊ានបណ្ដើរៗហើយ ខណៈកិច្ចប្រជុំកាន់តែខិតជិតមកដល់។
នៅសល់តែ១សប្ដាហ៍ទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី៣១ខែតុលានេះ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នឹងត្រូវបា្ររព្ធជាផ្លូវការ។ កម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២នេះ បានហាត់សមមន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់រួចជាស្រេចដើម្បីត្រៀមអនុវត្តឱ្យបានល្អសម្រាប់បដិសណ្ឋារកិច្ចស្វាគន៍ថ្នាក់ដឹកនាំកំពូលៗ និង គណៈប្រតិភូបរទេស តាំងពីអាកាសយានដ្ឋានអន្តរជាតិរហូតដល់ទីកន្លែងប្រជុំនៅសណ្ឋាគារសុខារាជធានីភ្នំពេញ។

សេចក្តីប្រកាសព័ត៌មានពីសេតវិមានអាម៉េរិកបានអះអាងថា លោក ចូ បៃដិន ដែលជាឥស្សរជនកំពូលមួយរូបរបស់ពិភពលោក បានអះអាងរួចហើយថា នឹងបង្ហាញវត្តមានរបស់លោកនៅកម្ពុជា នៅថ្ងៃទី១២-១៣ ខែវិច្ឆិកា ដោយលោកប្រធានាធិបតីនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ជាមួយនឹងមេដឹកនាំអាស៊ាន និងតំបន់ឯទៀត ដែលគេដឹងថា មានប្រទេសជាសមាជិករហូតដល់ទៅ ១៩ ផ្សេងទៀត ដោយរួមទាំងកម្ពុជាជាម្ចាស់ផ្ទះផងដែរ។

លោក លុយ ដាវីត រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស បានបង្ហាញសញ្ញាវិជ្ជមានមួយចំនួនជុំវិញការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំនានាក្នុងតំបន់ និង ពិភពលោក។

លោក លុយ ដាវីត បានបង្ហើបថា«ខ្ញុំរំពឹងថា នឹងមានការចូលរួមច្រើនពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល យើងគិតថា អាស៊ានខានប្រជុំពីរឆ្នាំហើយ ដោយការប្រជុំផ្ទាល់ ព្រោះដោយសារបញ្ហាកូវីដ ថ្នាក់ដឹកនាំអាស៊ានជួបគ្នាតែតាមអនឡាញ តាមZoom តាមVideo Conferenceទេ អ៊ីចឹងជាលើកទី១ហើយដែលថ្នាក់ដឹកនាំអាស៊ានកំពូលៗ ហើយដៃគូអាស៊ានជួបជុំគ្នានៅកម្ពុជា ជួបដោយផ្ទាល់បាទ»។

លោក លុយ ដាវីត រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ បានអះអាងបន្ថែមថា«ខ្ញុំសង្ឃឹមច្រើនថា មហាអំណាចនឹងចូលរួម ដល់ពេលវេលាមួយអាចប្រកាសជូនបាន ខ្ញុំនឹងប្រកាសជូនទៀត ប៉ុន្តែឥឡួវនេះ បណ្ដាប្រទេសទាំងនោះ គាត់សុំថា មិនទាន់ឱ្យប្រកាសចេញជាផ្លូវការទេ ចាំកៀកថ្ងៃបន្តិចសិន»។

បើតាមការរំលេចត្រួសៗរបស់ រដ្ឋលេខាធិការ ក្រសួងការបរទេសរូបនេះ ក្រៅពីថ្នាក់ដឹកនាំរដ្ឋាភិបាល និងប្រមុខរដ្ឋប្រទេសសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលមានអាស៊ានទាំង១០ បូក អូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន នូវែលហ្សេឡង់ កូរ៉េខាងត្បូង រុស្ស៊ី និងអាម៉េរិក អាចនឹងមានប្រមុខរដ្ឋាភិបាលកាណាដា ផងដែរ ហើយថ្នាក់ដឹកនាំប្រទេសទាំងនេះ គឺភាគច្រើនបានបញ្ជាក់ពីវត្តមានរបស់ពួកគេជាបន្តបន្ទាប់។

ទោះបី ពិភពលោកបច្ចុប្បន្នពោរពេញទៅដោយបញ្ហា ស្មុគស្មាញខ្លាំង បញ្ហាក្ដៅ បញ្ហាសង្រ្គាមនៅអ៊ុយក្រែន បញ្ហានៅមីយ៉ាន់ម៉ា កត្តាទាំងអស់នេះវាជះឥទ្ធិពលទៅដល់ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានក៏ពិតមែន ប៉ុន្តែកម្ពុជាបានប្ដេជ្ញាចិត្តខ្ពស់ ប្រើយុទ្ធសាស្ត្រសម្របសម្រួលឱ្យគ្រប់ភាគីអាចអង្គុយប្រជុំជាមួយគ្នាបាន ដោយប្រកាន់ភ្ជាប់នូវពហុភាគីនិយមដើម្បីប្រយោជន៍កម្ពុជា និងសកលលោក។
សូមជម្រាប់ជូនថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២២នៅរាជធានីភ្នំពេញ៕ ដោយ៖ គង់ សេដ្ឋាមុនី