ភ្នំពេញៈ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចក្នុងជួរគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងម៉ឺងម៉ាត់ លើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ ។
ការដាក់បទបញ្ជារបស់ លោក ឃួង ស្រេង បែបនេះបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំស្តីពីការត្រួត ពិនិត្យវឌ្ឍនភាពការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដើម្បីជាការលើកកំពស់សោភណ្ឌភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញផងដែរ។
លោក ឃួង ស្រេង បានលើកឡើងថា ការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវនេះ ត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីសម្រួលដល់ការធ្វើចរាចរជូនប្រជាពលរដ្ឋ និងដើម្បីលើកកំពស់សោភណ្ឌភាពរាជធានីភ្នំពេញ ស្របពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ។
លោកបន្តទៀតថា កំណាត់ផ្លូវជាតិមួយចំនួននៅជាយក្រុង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានរថយន្តកុងតឺន័រចតលើទ្រូវផ្លូវរាប់រយគ្រឿងបណ្តាលឱ្យមានការកកស្ទះចរាចរនិងខូចផ្លូវថែមទៀត។ ការចតបែបអាណាធិបតេយ្យនេះ មិនអាចទទួលយកបានទេ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែដោះស្រាយ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ ។ បញ្ជានេះអាជ្ញាធរខណ្ឌ និងស្នងការរងទទួលបន្ទុកត្រូវមានវិធានការដោះស្រាយ មិនអាចនៅបែបនេះទៀតទេ។
បើតាម លោក ឃួង ស្រេង បញ្ហាសណ្តាប់សាធារណៈនេះត្រូវតែម៉ឺងម៉ាត់ ដើម្បីបំរើផលប្រយោជន៍ប្រជាជនភាគច្រើន មិនអាចឱ្យពួកគាត់រកស៊ីដោយការរំលោភយកទ្រូងផ្លូវ និងចិញ្ចើមផ្លូវនោះទេ។
បន្ថែមពីនេះទៀត អភិបាលរាជធានីភ្នំពេញរូបនេះ បានស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាប៉ូលីសចរាចរនិងមន្ទីរពាក់ព័ន្ធ ត្រូវរួមគ្នាមើលផ្លូវ មើលភាពកកស្ទះ ហើយស្នើមករដ្ឋបាលរាជធានីភ្នំពេញដើម្បីដោះស្រាយ ទាំងការកែសម្រួលផ្លូវ ក៏ដូចជាការស្នើសុំធ្វើស្ពានអាកាស ដើម្បីសម្រួលចរាចរជាដើម៕ដោយ៖ KC-006