ភ្នំពេញ៖ ប្រទេសអូស្ត្រាលី បានប្រកាសប្ដេជ្ញាផ្តល់ជំនួយ ២ លានដុល្លារអូស្ត្រាលីបន្ថែមទៀត ដើម្បីគាំទ្រជាថ្មីទៅលើការគាំពារសង្គមនៅក្នុងប្រទេសកម្ពុជា។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងពីធីប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងការពង្រីកវិសាលភាពគ្របដណ្ដប់ដល់គ្រួសារងាយរងហានិភ័យ កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២។
ទំព័រហ្វេសប៊ុកស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឲ្យដឹងថា អូស្ត្រាលីបានធ្វើការជាមួយក្រសួងផែនការ ក្នុងភាពជាដៃគូជាមួយ GIZ Cambodia អស់រយៈពេលជាងដប់ឆ្នាំមកហើយ ដោយបានរួមចំណែកគិតជាថវិកាចំនួន ១៤លានដុល្លារអូស្រ្តាលី ក្នុងការបង្កើត និងថែទាំប្រព័ន្ធទិន្នន័យអត្តសញ្ញាណគ្រួសារក្រីក្រ (IDPoor) ដែលជាប្រព័ន្ធតែមួយគត់នៅកម្ពុជា សម្រាប់កំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
នៅក្នុងការបញ្ចប់ជំនួយបច្ចេកទេសរបស់ 🇦🇺🇩🇪 កនុងការបង្កើតទិន្នន័យអត្តសញ្ញាណគ្រួសារក្រីក្រ លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានប្រកាសថា អូស្ត្រាលីប្តេជ្ញាផ្តល់ជំនួយបន្ថែមចំនួន ២ លានដុល្លារអូស្ត្រាលី ដើម្បីបន្តការគាំទ្រដ៏យូរអង្វែងរបស់ខ្លួន ក្នុងការពង្រឹងការការពារសង្គមនៅកម្ពុជា។ តាមរយៈ #MekongAustraliaPartnership អូស្ត្រាលីកំពុងផ្តល់មូលនិធិដល់ GIZ ដែលអនុវត្តកម្មវិធីគាំពារសង្គម និងសុខាភិបាល ឆ្នាំ ២០២២-២៤។
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឲ្យដឹងទៀតថា ការគាំទ្រនេះ បន្តកិច្ចសហការយ៉ាងជិតស្និទ្ធរបស់ខ្លួន ជាមួយប្រទេសអាល្លឺម៉ង់ និងរាជរដ្ឋាភិបាលកម្ពុជា ហើយក៏ទទួលស្គាល់តួនាទីដ៏សំខាន់ នៃប្រព័ន្ធជំនួយសង្គមដ៏រឹងមាំ ដែលដើរតួក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្រីក្រ និងងាយរងហានិភ័យ។ វាជារឿងសំខាន់ដែលគម្រោងគាំពារសង្គម ផ្តោតការយកចិត្តទុកដាក់លើអ្នក ដែលត្រូវការពួកគេច្រើនបំផុត ហើយត្រូវបានបែងចែកទៅតាមលក្ខណៈវិនិច្ឆ័យ ដែលមានគោលបំណង និងតម្លាភាព មិនមែនផ្អែកលើការជាប់ពាក់ព័ន្ធផ្នែកនយោបាយ ឬកត្តាផ្សេងទៀតនោះទេ។
មូលដ្ឋានទិន្នន័យអត្តសញ្ញាណគ្រួសារក្រីក្រ បានជួយឱ្យរាជរដ្ឋាភិបាលកម្ពុជា ដាក់ដំណើរការការផ្ទេរសាច់ប្រាក់សង្គ្រោះបន្ទាន់ជំងឺកូវីដ-១៩ ដល់ ជិត ៧០០ ០០០ គ្រួសារ ដែលតំណាងឱ្យប្រជាជនប្រមាណជិត ៣ លាននាក់។ ពិធីក្នុងថ្ងៃនេះផងដែរ ក៏បានប្រកាសផ្សព្វផ្សាយការកែលម្អប្រព័ន្ធទិន្នន័យអត្តសញ្ញាណគ្រួសារក្រីក្រ រួមទាំងការពង្រីកវិសាលភាពគ្របដណ្តប់ ដល់គ្រួសារងាយរងហានិភ័យ ដែលអាចឱ្យប្រជាជនកម្ពុជា កាន់តែច្រើនទទួលបានអត្ថប្រយោជន៍ ពីជំនួយសង្គមដែលពួកគេត្រូវការ៕
ដោយ៖ ឆែម ពិសិដ្ឋ