ភ្នំពេញ៖ ក្រសួងសាធារណការ បើកកិច្ចប្រជុំចាប់ផ្តើមនៃបេសកកម្មរៀបចំគម្រោងជំរុញលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក (Proposed Cambodia Water Supply and Sanitation Acceleration Project) ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីភាគីគ្រប់គ្រង សមាសភាគគម្រោងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងភាគីធនាគារ ពិភពលោក។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ដឹកនាំដោយ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ ដោយគម្រោងនេះផ្ដោតទៅលើ ទំហំការងារបឋម និងទីតាំងគម្រោងទឹកស្អាត និងអនាម័យ,កាលបរិច្ឆេទកំណត់ និងការរៀបចំការអនុវត្តគម្រោង និង,ការពិភាក្សាកម្រិតបច្ចេកទេសជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍នានា និងអ្នកផ្តល់សេវាទឹកស្អាតទាំងសាធារណៈ និងឯកជន។
គម្រោងនេះផ្តោតជាសំខាន់លើការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យ ដើម្បីធានាសុខុមាលភាពប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឱ្យមានការរីកចម្រើនថែមមួយ កម្រិតទៀត តាមរយៈការសាងសង់បណ្តាញទឹកស្អាត និងទឹកកខ្វក់ នៅតាមបណ្តារាជធានី-ខេត្ត សំខាន់ៗ និងការអភិវឌ្ឍនស្ថាប័ន និងសមត្ថភាពប្រតិបត្តិករទាំងវិស័យទឹកស្អាត និងអនាម័យផងដែរ៕ដោយ៖សាន សៀងហៃ