ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹករឿងរ៉ាវកាលពីជាង ១០ ឆ្នាំមុន ដែលប្រសិនបើសម្ដេចមិនបានសង្គ្រោះលោកស្រី ទេព កូលាប សាកលវិទ្យាធិការ សាកល វិទ្យាល័យភ្នំពេញអន្តរជាតិទេនោះ ប្រហែលជាសាកលវិទ្យាល័យនេះ មិនអាចដំណើរការមកដល់ពេលនេះដែរ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកយ៉ាងដូច្នេះ គ្រាដែលអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ជាង ២ពាន់នាក់ នាព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២នេះ។
នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីរីករាយ ដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។ ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកអំពើរឿងរ៉ាវដ៏អយុត្តិធម៌របស់សាកលវិទ្យាធិការ នៃសាកលល័យភ្នំពេញអន្តរជាតិ។
សម្តេចតេជោ បានថ្លែងថា កាលពីជាង ១០ឆ្នាំមុន បើសម្តេចមិនបានសង្គ្រោះលោកស្រី ទេព កូលាប ទេនោះសាកលវិទ្យាល័យ PPIU នឹងដួលរលំ។
សម្តេចតេជោ ក៏បានអរគុណដល់តុលាការកំពូល ដែលបានកាត់ក្តីឱ្យស្វាមីលោកស្រី ទេព កូលាប រួចផុតពីការចោទប្រកាន់។
សម្តេចតេជោ បានរំលឹកទៀតថា សម្តេចបានខ្ចីលុយគេជិត ៣លានដុល្លារ ដើម្បីសងឧកញ៉ា កុក អាន ជំនួសលោកស្រី ទេព កូលាប និងបានចាត់ទុកសំណុំរឿងលោកស្រី ទេព កូលាប និងឧកញ៉ា កុក អាន ជារឿងអយុត្តិធម៌៕ ដោយ៖ ឆែម ពិសិដ្ឋ