ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី៩ តុលានេះ បានផ្តាំផ្ញើឱ្យក្រុមប្រឆាំងផ្កាប់ គប្បីប្រឹងរៀនសូត្របន្ថែមដើម្បីឈានទៅកាន់អំណាច នៅជាតិក្រោយ កុំវក់ជាមួយ
ល្បែងច្រើនពេក។
ការផ្ញើសាររបស់សម្តេចតេជោ ធ្វើឡើងតាមរយៈគេហទំព័រហ្វេសប៊ុករបស់សម្ដេចផ្ទាល់តែម្តង នាល្ងាចថ្ងៃ៩ តុលានេះ។
សម្តេចតេជោ គូសបញ្ជាក់ថា ដើម្បីចូលរួមចំណែកជួយក្រុមប្រឆាំងផ្កាប់មុខឱ្យមានចំណេះដឹងដែលអាចឈានទៅកាន់អំណាចនៅជាតិក្រោយ ពួកគេត្រូវបើកមើល មាត្រាទី២១ ជំពូក២ នៃរដ្ឋធម្មនុញ្ញដែលចែងអំពីព្រះមហាក្សត្រ។ បន្ទាប់ទៅអានមាត្រាទី២០ ជំពូកទី៣ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។
សម្តេចតេជោបន្តថា ដោយសារតែខ្វះការចេះដឹងទើបបានតែចេះតែជាប់គុក និងរត់ចោលស្រុកហើយ
មកចោទគេថាផ្តាច់ការទៅវិញ។
សម្ដេចតេជោ បញ្ជាក់ទៀតថា “ដូច្នេះគប្បីប្រឹងរៀនសូត្របន្ថែម ដើម្បីឈានទៅកាន់អំណាចនៅជាតិក្រោយ និងសូមកុំវក់ជាមួយ ល្បែងច្រើនពេក។ នេះជាបំណងល្អរបស់ខ្ញុំសម្រាប់ក្រុមល្ងង់”៕ ដោយ៖ រិន ចំរើន