ភ្នំពេញ៖ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិកា រគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដឹកនាំកិច្ចប្រជុំពិភាក្សា លើដំណើរការនៃការរៀបចំឯក សារកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០២៤-២០២៨ របស់មូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន ប្រចាំកម្ពុជា ជាមួយ លោកស្រី Sandra Bernklau ជាតំណាង កាលពីថ្ងៃទី៥ខែតុលា ឆ្នាំ២០២២នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក ឈៀង យ៉ាណារ៉ា បានគូសបញ្ជាក់ ពីភាពចាំបាច់នៃការតម្រឹមឯកសារជាមួយអាទិភាពជាតិ ហើយលើកទឹកចិត្តអង្គការឱ្យបន្តរៀបចំ ប្រកបដោយភាពបត់បែន ដោយគិតគូរបន្ថែមពីយុទ្ធសាស្ត្រ និងផែនការយុទ្ធសាស្ត្រជាតិ ឆ្នាំ២០២៤-២០២៨ ដែលគ្រោងនឹងដាក់ចេញនាពេលខាងមុខ ។
លោកស្រី Sandra Bernklau បានស្នើសុំការណែនាំ និងឯកភាពពី រដ្ឋមន្រ្តី លើការរៀបចំឯកសារកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេសថ្មី។ លោកស្រី បានធ្វើការសង្ខេប ពីកិច្ចការអាទិភាពរបស់អង្គការ ពិសេសការគាំទ្រលើ សុខភាពផ្លូវភេទ និងបន្តពូជ និងសិទ្ធិ, ក្មេងវ័យជំទង់ និងយុវជន, សមភាពយេនឌ័រ និង ជីវភាពប្រជាជន ។
ទន្ទឹមគ្នានេះ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងសំដែងការគាំទ្រចំពោះការចូលរួមរបស់អង្គការក្នុងកិច្ចអភិវឌ្ឍន៍ តាមរយៈការសហការ ជាមួយក្រុមការងារបច្ចេកទេសកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស។
កិច្ចប្រជុំនេះ ត្រូវបានបញ្ចប់ ប្រកបដោយជោគជ័យ ភាពស្និទ្ធស្នាល និងការពេញចិត្ត លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន ប្រចាំកម្ពុជា ៕ ដោយ៖ សាន សៀងហៃ